Skip to content

នេះជាមូលហេតុដែល គង់ វង្សយ៉ាទី មិនព្រមប្ដូរទៅជិះរថយន្តទំនើរ

កញ្ញា គង់ វង្សយ៉ាទី ជាពិធីការិនីល្បីឈ្មោះ និងលេចធ្លោនៅក្នុងស្ថានីយទូរទស្សន៍ CTN តាមរយៈកម្មវិធី «រាត្រីកំសាន្ដ» ជាកម្មវិធីកំពុងពេញនិយមសម្រាប់យុវវ័យ នឹងមហាជនទូទៅ។ ទោះបីជានាងមានឱកាសទទួលបានការងារជាច្រើនទាំងថតស្ប៉ត ខារ៉ាអូខេ ភាពយន្ដ ដែលអាចរកបានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ ប៉ុន្ដែនាងហាក់មានចិត្ដស្ងប់ មិនជ្រួលនឹងភាពឡូយឆាយជាមួយរថយន្ដទំនើប ខណៈដែលមានតារាមួយចំនួន កំពុងតែបង្អួតរថយន្ដទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា គង់ វង្សយ៉ាទី បានបញ្ជាក់ប្រាប់ថា រថយន្ដទំនើប នរណាក៏ចង់ដែរ ប៉ុន្ដែសម្រាប់នាងធ្វើអ្វីៗតែងតែប៉ាន់ស្មានពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដែលអាចធ្វើទៅបាន។ គង់ វង្សយ៉ាទី បន្ដថា៖ «ខ្ញុំមិនចង់យកប្រាក់ទៅចំណាយលើការផ្លាស់ប្ដូររថយន្ដទេ ដោយសារតែកន្លងមក ខ្ញុំត្រូវយកលុយមកធ្វើផ្ទះ ដើម្បីបានរស់នៅឲ្យស្រួលខ្លួននឹងគេជាមុនសិន។ ខ្ញុំមិនតូចចិត្ដទៅនឹងអ្វីដែលខ្ញុំកំពុងតែមានទេ ផ្ទុយទៅវិញខ្ញុំសប្បាយចិត្ដនូវដែលខ្ញុំធ្វើបានដោយសមត្ថភាពខ្លួន។ រថយន្ដទំនើបនរណាក៏ស្រឡាញ់ដែរ ប៉ុន្ដែបើមានលុយគួរតែធ្វើរឿងចាំបាច់ជាមុនសិន»។

គេនៅចាំបានថា នៅពេលកញ្ញា គង់ វង្សយ៉ាទី ចូលប្រឡូកសិល្បៈដំបូងក្នុងឆ្នាំ2011 ខណៈដែលនាងទទួលតំណែងតួឆ្នាស់ក្នុងរឿង «នាងឈូកស» គឺនាងមិនទាន់មាន រថយន្ដប្រើប្រាស់ផ្ទាល់ខ្លួនទេ។ ម្ដងម្កាលនាងត្រូវជិះរថយន្ដឈ្នួល និងជិះដោយសារមិត្ដភ័ក្ដិក្នុងសិល្បៈនៅឡើយ។ ក្រោយពីប្រជាប្រិយភាពនាងឡើងបន្ដិច គេឃើញនាងជិះរថយន្ដកាមេរីឆ្លាមសេរីឆ្នាំ 2008 បន្ទាប់មកក៏ប្ដូរមកជិះ Lexus RX 300 ពណ៌ខ្មៅរហូតមកដល់បច្ចុប្បន្ន។

ពិធីការិនីរូបនេះបន្ដថា រថយន្ដទំនើប ឬមិនទំនើបមិនអីទេ សំខាន់ឲ្យតែនាងប្រើប្រាសរថយន្ដលើដងផ្លូវគោរពច្បាប់ចរាចរ និងមិនមានបញ្ហាអ្វីកើតឡើងនោះ នាងសប្បាយចិត្ដទៅហើយ ព្រោះរថយន្ដនាងកំពុងជិះនេះ វាបានមកពីកម្លាំងញើសឈាមនាងសុទ្ធសាធ។

កញ្ញា គង់ វង្សយ៉ាទី បន្ដទៀតថា៖ «រថយន្ដចាស់មែន សំខាន់យើងជាអ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្ន។ ខ្ញុំប្រើរថយន្ដនេះជាច្រើនឆ្នាំ ខ្ញុំក៏មិនដែលកើតមានបញ្ហាអ្វីឡើយ ព្រោះខ្ញុំ ចេះប៉ាន់ប្រមាណកម្លាំងខ្លួនឯងនៅពេលបើកបរ។ ពេលណាខ្ញុំអស់កម្លាំង ខ្ញុំបើកទៅរកកន្លែងមានសុវត្ថិភាព សម្រាកលុបមុខ ពេលមានកម្លាំងទើបធ្វើដំណើរបន្ដទៀត»៕

Leave a Reply

Your email address will not be published. Required fields are marked *