ក្រោយពេលរីករាលដាលនៃជំងឺ Covid-19 គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ឥទ្ធិពលនៃជំងឺដ៏កាចសាហាវនេះ តែទន្ទឹមនឹងយើងអាចទប់ស្កាត់បញ្ហាដែលកើតឡើងដោយសារតែជំងឺ វាក៏បានផ្តល់ផលប៉ះពាល់ផងដែរដល់គ្រឹះស្ថានបណ្តុះបណ្តាលនានាដែលផ្អាកដំណើរការនេះ។
ឯកឧត្តម ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈកាលពីពេលថ្មីៗនេះបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបើកដំណើរការឡើងវិញចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើសនិស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ។ ឯកឧត្តមថា ការស្នើសុំនេះធ្វើឡើងដោយសារតែសមាជិកនៃសមាគមកំពុងជួបនូវបញ្ហាថ្លៃជួលអគារសិក្សា ក៏ដូចជាចំណាយផ្សេងៗក្នុងកិច្ចដំណើរការរបស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួនក្នុងដំណាក់កាលនៃវិបត្តិជាសកលនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ចាក់ថា រាល់សំណើររបស់សមាជិកនៃសមាគមឯកឧត្តមទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល តែប្រសិនបើមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឱ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន។ បើរកឃើញថាមិនបានអនុវត្តតាមគោលការណ៍ណែនាំបានល្អទេ នឹងត្រូវផ្ទាកវិញជាបន្ទាន់៕