ឱកាសដែលសេដ្ឋកិច្ច នឹងស្ដារខ្លួនបានឡើងវិញយ៉ាងឆាប់រហ័ស ដូចដែលអ្នកកំពុងទូលទុក្ខជាច្រើនចង់បាននោះ ប្រហែលជាពិបាកនឹងទៅរួចណាស់ នៅពេលមើលឃើញការឆ្លងរាលដាលរបស់មេរោគកូរ៉ូណាប្រភេទថ្មីសព្វថ្ងៃនេះ ដែលនៅតែគួរឱ្យខ្លាចដដែល ជាពិសេសក្នុងទ្វីបអាមេរិក ចាប់ពីកាណាដា រហូតទៅដល់អាហ្សង់ទីន ធ្វើឱ្យក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលបាត់ទៅហើយ។
និងមិនទាន់មានដំណោះស្រាយចេញមកថា នឹងចាត់ការយ៉ាងណានៅឡើយ នៅពេលមិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលដែលអាចប្រើបានជាទូទៅស្ថិតក្នុងតម្លៃដែលមិនថ្លៃហួសហេតុពេក ដូចដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដូចជាថ្នាំ Remdesivir របស់ក្រុមហ៊ុន Gilead ដែលមានតម្លៃខ្ពស់កប់ពពក គឺជាង 3ពាន់ដុល្លារក្នុង1ឈុត។
សហរដ្ឋអាមេរិក និងប្រេស៊ីល និងប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន គឺជាតំបន់ដែលមិនទាន់អាចគ្រប់គ្រងការឆ្លងរាលដាលបាននៅឡើយ។ សហរដ្ឋអាមេរិក ក៏នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគ និងស្លាប់ខ្ពស់ជាងគេបំផុតលំដាប់លេខ1 ក្នុងពិភពលោក និងមានប្រទេសប្រេស៊ីលតាមពីក្រោយលំដាប់លេខ2 និងប្រទេសមិកស៊ិក លំដាប់លេខ3។
ហើយមេដឹកនាំសហរដ្ឋអាមេរិក និងប្រេស៊ីល ថែមទាំងមិនបានយកចិត្តទុកដាក់នឹងការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគតាំងពីដំបូងទៀតផង ដោយលោកដូណាល់ ត្រាំ បានលើកឡើងថា បើពាក់ម៉ាស់ការពារ នឹងធ្វើឱ្យមើលឃើញដូចជាមនុស្សទន់ជ្រាយ និងគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍បាន ដែលគំនិតនេះ អាចរាប់បានថា ជាគំនិតដែលឡប់សតិមែនទែន។
លោកត្រាំ ថែមទាំងបានអះអាងឱ្យប្រជាជនអាមេរិកលង់ជឿទៀតផងថា មេរោគវីរុសកូរ៉ូណានេះ មិនមានគ្រោះថ្នាក់អ្វីទេ ទាំងដែលមានពលរដ្ឋអាមេរិកាំងឆ្លងមេរោគច្រើនដល់ទៅជាង 3.3លាននាក់ និងមានអ្នកស្លាប់ជាង 1.3សែននាក់ទៅហើយនោះ និងមិនព្រមទទួលស្គាល់ថា ខ្លួនឯងបានដំណើរការនយោបាយ និងវិធានការផ្សេងៗក្នុងការទប់ទល់នឹងការឆ្លងរាតត្បាតដែលខុសឆ្គងឡើយ។
មេដឹកនាំប្រទេសប្រេស៊ីល ឆាអ៊ីរ៍ បូលសូណារ៉ូ ដែលបានឆ្លងមេរោគកូរ៉ូណារួចទៅហើយ ព្រោះតែមិនព្រមពាក់ម៉ាស់ការពារនោះ ធ្លាប់បានប្រកាសកាលពីពេលមុននេះថា មេរោគវីរុសកូរ៉ូណា គ្រាន់តែជាមេរោគ “គ្រុនផ្ដាសាយតូចមួយ” ខណៈពេលនេះ កំពុងត្រូវរងបណ្ដឹងដោយអ្នកសារព័ត៌មាន ដែលទៅធ្វើព័ត៌មានពីមេដឹកនាំដែលបានបើកម៉ាស់ការពារនិយាយទទួលស្គាល់ថា ខ្លួនឯងកំពុងឆ្លងមេរោគ។
ក្រុមប្រទេសអាមេរិកឡាទីន ដូចជាប៉េរូ ឈីលី កូឡុំបៀ នៅតែជាប្រភពនៃការឆ្លងរាលដាល ដែលហុចផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាមេរិកឡាទីន ដែលមានវិបត្តិបំណុលមិនបង្កឱ្យកើតមានកម្រៃបានច្រើនឡើង រួមទាំងមានអ្នកគ្មានការងារធ្វើជាច្រើន គ្មានប្រាក់ចំណូល និងមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
បញ្ហាសេដ្ឋកិច្ចក្នុងប្រទេសវេណេហ្ស៊ុយអេឡា ធ្ងន់ធ្ងរ ធ្វើឱ្យមនុស្សរត់ភៀសខ្លួន គេចចេញពីក្ដីលំបាក ការខ្វះខាតចំណីអាហារ ទៅរស់នៅក្នុងប្រទេសជិតខាង និងព្យាយាមរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកបង្កបញ្ហាដល់ប្រទេស និងបានប្រកាសនយោបាយបិទប្រទេស ហាមមនុស្សចូល…។
នៅពេលសហរដ្ឋអាមេរិក ដែលមានទំហំសេដ្ឋកិច្ចលំដាប់លេខ1 ក្នុងពិភពលោក ត្រូវធ្លាក់សភាពសោកសៅ ទាំងផ្នែកផលិតកម្មឧស្សាហកម្ម ហិរញ្ញវត្ថុ រួមទាំងការលក់រាយផងនោះ បើទោះជាមានសញ្ញាថា ល្អឡើងវិញក៏ដោយ តែក៏នៅមិនទាន់មានស្ថិរភាពដែរ ដោយអាចព្យាករបានតាមរយៈ Index ផ្សារហ៊ុន Dow Jones ដែលនៅតែប្រែប្រួលយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យបញ្ហាវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក មានភាពស្មុគស្មាញ ព្រោះកើតមានទំនាស់គ្នាទាំងក្នុងកម្រិតជាតិ និងកម្រិតមណ្ឌលរដ្ឋនានា ដោយក្នុងកម្រិតជាតិនេះ មេដឹកនាំមន្ទីរសេតវិមាន លោកដូណាល់ ត្រាំ នៅតែជាគូទំនាស់ជាមួយនឹងក្រុមអ្នកជំនាញការ និងគ្រូពេទ្យដែលរៀបផែនការទប់ទល់សភាវវិបត្តិ។
ជាក្រុមអ្នកធ្វើការងារប្រចាំមន្ទីរសេតវិមាន មានលោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅស៊ី ដែលមានការយល់ឃើញខុសពីលោកត្រាំ ដែលមិនជឿជាក់ក្នុងគោលការណ៍របស់វិទ្យាសាស្ត្រ ដូច្នេះការណែនាំផ្សេងៗរបស់លោកដុកទ័រហ្វៅស៊ី ក៏មិនត្រូវបាននាំយកទៅធ្វើជាគោលការណ៍ប្រតិបត្តិដោយអ្នកដឹកនាំប្រទេសដែរ។
ដំបូន្មានផ្សេងៗ ដូចជា ត្រូវពាក់ម៉ាស់អនាម័យការពារ ត្រូវរក្សាគម្លាតឆ្ងាយពីគ្នាក្នុងសង្គម ត្រូវរក្សាទុកវិធានការគ្រប់គ្រងតឹងរ៉ឹង ក៏ត្រូវបានធ្វើព្រងើយកន្តើយដោយលោកត្រាំ ដែលមិនព្រមពាក់ម៉ាស់ការពារតាំងពីកើតមានការឆ្លងរាលដាល រហូតដំណាក់កាលត្រូវទៅសួរសុខទុក្ខកងទាហានរងរបួសនៅឯមជ្ឈមណ្ឌលពេទ្យយោធា វ៉ធើរ រីដ កាលពីចុងសប្ដាហ៍កន្លងទៅ ទើបបានឃើញលោកត្រាំ ពាក់ម៉ាស់ការពារពណ៌ខ្មៅ ដើរនាំមុខក្រុមអ្នកទៅសួរសុខទុក្ខទាហានរងរបួស ធ្វើឱ្យមើលទៅ ឃើញរាងចម្លែក ប្រៀបដូចមនុស្សក្រៅពិភពចុះមកលេងផែនដី។
ឬដោយសារតែលោកត្រាំភ័យខ្លាចឈឺ ទើបព្រមពាក់ម៉ាស់ការពារ? ឬខ្លាចស្លាប់? តែបើពាក់បែបគ្មានមូលហេតុអ្វីជំរុញចិត្ត ឬត្រូវបានបង្ខំ ក៏នឹងបាក់មុខ ដូច្នេះហើយ ទើបការចុះទៅមជ្ឈមណ្ឌលពេទ្យយោធានោះ គឺជាដំណោះស្រាយ សម្រាប់លោកត្រាំ និងបរិវារ ដែលមិនចង់ឱ្យគេមើលឃើញថា ជាពួកឆាប់ផ្អើល…។
ប្រជាជនអាមេរិកាំងស្បែកស ដែលស្រឡាញ់ចូលចិត្តលោកត្រាំ ក៏យកតម្រាប់តាម ប្រកាសគាំទ្រលោកត្រាំយ៉ាងពេញទំហឹង អាងសិទ្ធិសេរីភាព ទោះស្លាប់ក៏មិនថាដែរ សុំឱ្យតែបានរក្សាសិទ្ធិសួនបុគ្គល មិនមានអ្នកណាមកបញ្ជាបាន…។
ក្នុងកម្រិតមណ្ឌលរដ្ឋ ក៏មានបញ្ហាទំនាស់ផ្នែកផ្នត់នយោបាយ…កាលពីពេលមុននេះ មានការបើកចំហឡើងវិញជាច្រើនរដ្ឋ ដែលមានអភិបាលស្ថិតក្នុងក្រុមបក្ស រីផាប្លីកាន់ និងបានកើតមានការឆ្លងរាលដាលជាថ្មី រលកទី2 ធ្វើឱ្យអភិបាលក្រុងជាច្រើនទីក្រុងដែលស្ថិតក្នុងគណបក្ស ដេម៉ូហ្ក្រេត ត្រូវប្រកាសបិទទីក្រុង។
នៅពេលការទប់ទល់នឹងការឆ្លងរាលដាល ខ្វះឯកភាពខាងផ្នែកនយោបាយ ធ្វើឱ្យមិនអាចធ្វើការបានយ៉ាងមានប្រសិទ្ធផលឡើយ រដ្ឋនីមួយៗ ក៏មានច្បាប់កំណត់វិធានការផ្សេងរបស់ខ្លួនឯង ទើបធ្វើឱ្យមានចំណុចឆ្លងរាលដាលឡើងជាថ្មី មានតួលេខកើនឡើងច្រើន។ មេដឹកនាំសេតវិមាន ខ្វះការដឹកនាំ រឹតតែមានបញ្ហាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញយ៉ាងខ្លាំងក្លាផងនោះ លោកត្រាំក៏លែងមើលមុខលោកវេជ្ជបណ្ឌិតហ្វៅស៊ី ធ្វើឱ្យកើតមានការបែងចែកបក្សពួក ហើយពួកកូនចៅលោកត្រាំ ក៏មិនធ្វើតាមនយោបាយរបស់លោកវេជ្ជបណ្ឌិតហ្វៅស៊ី…ទំនាស់ចម្បងគឺ លោកត្រាំ ជឿលើសញ្ជាតិញាណខ្លួនឯងខ្លាំងជាងភ័ស្តុតាងជាក់ស្ដែង និងលទ្ធផលរបស់ការវិភាគស្រាវជ្រាវខាងវិទ្យាសាស្ត្រ។
ជាទូទៅ ការធ្វើប្រជាមតិពីការយល់ឃើញរបស់ប្រជាជនអាមេរិកាំង គឺលោកវេជ្ជបណ្ឌិតហ្វៅស៊ី បានទទួលការជឿទុកចិត្តខ្លាំងជាងលោកត្រាំ និងជាអ្នកដែលបានធ្វើការជាមួយប្រធានាធិបតីមុនៗនេះជាច្រើននាក់ និងទទួលបានការជឿទុកចិត្តលើផ្នែកចំណេះដឹង និងសមត្ថភាព តែជាមួយលោកត្រាំ មិនស៊ីខ្សែគ្នាយ៉ាងខ្លាំងក្លា…។
ដូច្នេះ មណ្ឌលរដ្ឋនីមួយៗ ត្រូវមើលថែទាំគ្នាឯង ដោយមិនបណ្ដោយឱ្យលោកត្រាំដឹកនាំសហរដ្ឋអាមេរិក ទៅតាមផ្លូវដែលខ្លួនឯងត្រូវការឡើយ មិនថាវានឹងល្អប្រសើរឡើង ឬកាន់តែអាក្រក់ទៅក៏ដោយ។ ប្រជាជនអាមេរិក ត្រូវបានបដិសេធមិនឱ្យចូលប្រទេសជាច្រើន ដូចជាអឺរ៉ុបជាដើម ត្រូវបានមើលឃើញថា ពលរដ្ឋអាមេរិក ជាក្រុមដែលមានសក្ដានុពលខាងចម្លងសាយភាយមេរោគ។
ទោះជាសហរដ្ឋអាមេរិក អាចនឹងចាត់ការរឿងការឆ្លងរាលដាលរបស់មេរោគកំណាចនេះបានក៏ដោយ តែក៏នៅមានបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងទំនាស់ជាមួយប្រទេសផ្សេងៗទៀតដែរ ឯលោកត្រាំ ដែលកំពុងបារម្ភកង្វល់រឿងឱកាសក្នុងការចាញ់ការបោះឆ្នោតដណ្ដើមកៅអីប្រធានាធិបតីអាណត្តិទី2 នេះផង អាចនឹងធ្វើអ្វីឆ្កួតៗ ដើម្បីស្ដារពិន្ទុសំឡេងគាំទ្រឡើងវិញ ក៏អាចថាបានដែរ…៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា