មនុស្សគ្រប់គ្នាដែលបើកបរនៅតាមដងផ្លូវប្រហែលជាធ្លាប់ជួបអារម្មណ៍មួរម៉ៅ ព្រលឹងចុងសក់ តឹងទ្រូង និងគ្រោះថ្នាក់ដោយសារតែការបត់ចុះ បត់ឡើងរបស់រម៉កដឹងភ្ញៀវទេសចរណ៍នៅតាមទីប្រជុំជននានា។ មានពេលខ្លះ គេឃើញរម៉កដឹកភ្ញៀវទេសចរណ៍នៅលើផ្លូវម៉ូតូ ខណៈផ្លូវកំពុងកកស្ទះទៅមុខមិនរួច ហើយពេលខ្លះទៀតគេឃើញរម៉កទាំងនោះ នៅលើផ្លូវឡានខណៈចរាចរណ៍កំពុងតែមមាញឹក ហើយដណ្តើមគ្នារុលទៅមុខ និងពេលខ្លះទៀតជួបគ្រោះថ្នាក់ ឬព្រលឹងចុងសក់ ដោយសារតែការបត់លឿនពេក។
មានមនុស្សមិនតិចទេ នៅក្នុងបណ្តាញសង្គម និងនៅតាមទីសាធារណៈ បានបង្ហាញពីជំហរមិនពេញចិត្ត ចំពោះភាពមិនមានសណ្តាប់ធ្នាប់នៃការបើកបររម៉កដឹកភ្ញៀវដែលបត់លឿនៗ ហើយប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនឱ្យគេចចង់បាក់ក ឬបុកពីក្រោយរថយន្តដែលមនុស្សួមួយចំនួនថែមទាំងហៅរម៉កទេសចរណ៍ថាជាយានកំពូលបុកថែមទៀតផង។
ថ្វីត្បិតតែស្ថានភាពជាទូទៅមើលទៅរម៉កទេសចរណ៍ ដែលគ្រប់គ្នាហៅថាជារម៉កកង់បីនេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សទូទៅនៅក្នុងក្រុងក៏ដោយ តែកំហុសមិនប្រាកដថា កើតចេញពីពួកគាត់ទាំងស្រុងនោះទេ។ ពាក្យខ្មែរតែងពោលថា «ដូងតែងមានតក់ មាននាល មិនដូចគ្នានោះទេ» ហេតុនេះគ្រប់អាជីព និងគ្រប់រឿងលើពិភពលោកយើងនេះក៏ដូចគ្នា តែងមានអ្នកល្អ និងអ្នកមិនល្អ។ ជាទូទៅគេក៏សង្កេតឃើញអ្នករត់រម៉កទេចរណ៍គោរពច្បាប់ ហើយបានបង្កើតសកម្មភាពល្អៗជាច្រើនផងដែរ តែមនុស្សមួយចំនួនធំក៏នៅមិនទាន់យល់ពីស្ថានភាពពិបាករបស់ពួកគាត់នោះដែរ។
អ្នករត់រម៉កទេសចរណ៍មួយចំនួនដែលព្យាយាមគោរពច្បាប់ចរាចរណ៍ក៏ចង់ឱ្យមានការរឹតបន្តឹងលើការអនុវតត្តច្បាប់ដោយត្រឹមត្រូវចំពោះអ្នករួមអាជីពដែលបង្កបញ្ហាដល់សង្គមដូចគ្នា ព្រោះអ្នកទាំងអស់នោះធ្វើឱ្យគេមិនពេញចិត្តអាជីពរបស់គាត់។ មានអ្នកខ្លះទៀតក៏បញ្ចេញប្រតិកម្មរអ៊ូរទាំថា គាត់ធ្វើអ្វីក៏ខុសដែរក្នុងក្រសែរភ្នែកមនុស្សទូទៅ ព្រោះគាត់ជាយានដែលមានលក្ខណៈពាក់កណ្តាលឡាន និងពាក់កណ្តាលម៉ូតូ។ មនុស្សគ្រប់គ្នាតែងតែចោទរម៉កទេសចរណ៍ថា អាងខ្លួនមានលក្ខណៈពិសេសចង់ជិះផ្លូវម៉ូតូក៏បាន ផ្លូវរថយន្តក៏បាន ឱ្យតែបានទៅមុន មិនខ្វល់ពីផលប៉ះពាល់ តែពួកគាត់ក៏ចង់ឱ្យសាធារណជនគិតទៅវិញថា ប្រសិនបើអ្នកទាំងអស់គ្នាជាគាត់វិញ តើត្រូវធ្វើដូចម្តេច?
ពិតណាស់គាត់អាចបើកលើផ្លូវណាក៏បាន ដោយគ្មានការពិន័យពីនគរបាលចរាចរណ៍ តែនៅពេលដែលគាត់ជិះលើគន្លងណាក៏ដោយគឺគាត់តែងតែទទួលរងការរិះគន់។ នៅពេលដែលគាត់បើកលើផ្លូវម៉ូតូ មនុស្សគ្រប់គ្នានឹងគិតថាគាត់ប្រើប្រាស់គន្លងផ្លូវម៉ូតូដ៏ចង្អៀតខណៈខ្លួនប៉ុនរថយន្ត ដែលបង្កឱ្យមានការកកស្ទះ ហើយត្រូវគេជេស្តី តែប្រសិនបើគាត់បើកនៅលើផ្លូវរថយន្តវិញ គេនៅតែជេស្តីឱ្យគាត់ដដែលថា ខ្លួនមានក្បាលជាម៉ូតូ មានល្បឿនយឺត មិនគួរបើកផ្លូវឡាននាំឱ្យស្ទះគេស្ទះឯងនោះទេ។
គិតដល់ចំណុចនេះ យើងសាកស្រមៃទាំងអស់គ្នាទៅមើលថា បើយើងជាគាត់យើងធ្វើដូចម្តេច? នេះជាបញ្ហាមួយដែលយើងមើលឃើញជាក់ស្តែង តែមានមនុស្សមួយចំនួនទៀតគិតថាបញ្ហានេះមកពីគាត់ខ្លួនឯងដែរដែលមិនធ្វើឱ្យខូចឈ្មោះតាមរយៈការបើកបរមិនគោរពច្បាប់ ហើយរុលឱ្យតែបានទៅមុខមិនខ្វល់ពីគេរហូតដល់មនុស្សទូទៅមានអារម្មណ៍មិនល្អជាមួយគាត់ ទើបធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់សាធារណជន ហាក់មានភាពចង្អៀតសម្រាប់គាត់បែបនេះ តែទោះជាយ៉ាងនេះក្តី មានមនុស្សមួយចំនួនទៀតបានលើកឡើងថា បញ្ហារម៉កនេះមិនអាចបន្ទោសគាត់ទាំងស្រុងទេ។ ពេលខ្លះពួកគាត់ក៏មានផលវិបាករបស់គាត់ដែរ ព្រោះនៅលើគំនូសផ្លូវដែលបានគូសគ្រប់ទិសទៅក្នុងស្រុកខ្មែរគឺមានតែគំនូសអាទិភាពសម្រាប់រថយន្ត និងសម្រាប់ម៉ូតូ តែគ្មានគំនូសសម្រាប់រម៉កទេសចរណ៍នោះទេ។
បញ្ហាគ្មានគំនូសនេះ ជាបញ្ហាមួយដែលមនុស្សក្នុងសង្គមមើលឃើញ ព្រោះវាជាបញ្ហាសង្គមដ៏តូចមួយតែអាចជះឥទ្ធិពលធំប្រសិនបើគ្មានការដោះស្រាយ។
ជារួមបើមើលពីផលចំណេញនៃការកំណត់គន្លងសម្រាប់រម៉កដឹកភ្ញៀវនេះវិញក៏មានច្រើនផងដែរ ដែលវាអាចជាវិធីឈ្នះៗសម្រាប់អ្នករត់រម៉កដឹកភ្ញៀវ និងមនុស្សទូទៅ។ នៅពេលដែលមានគំនូសមនុស្សទូទៅនឹងស្ងប់ចិត្ត ព្រោះលែងមានការរំខានពីរម៉កដឹកភ្ញៀវដែលរេចុះរេឡើងនៅពីមុខ ហើយកកស្ទះ ឬប៉ះពារគ្នាដែលនាំឱ្យមានភាពក្តៅក្រហាយតទៅទៀតហើយ។ លើសពីនេះទៅទៀតមានអ្នកខ្លះទៀតអាចនឹងគិតថាការធ្វើបែបនេះក៏នៅតែឥតប្រយោជន៍ដែរ ព្រោះថាទោះមានគំនូសក៏ដោយក៏អ្នកបើកបរនាពេលបច្ចុប្បន្ននេះមិនដែលគោរពគំនូស ឬស្តុបនោះទេ តែទោះជាយ៉ាងនេះក្តីក៏អ្នកជិះទូទៅអាចមានមូលដ្ឋានមួយក្នុងការរិះគន់ ដើម្បីស្ថាបនាពីការជិះខុសគន្លងរបស់អ្នកបើករម៉កដែរ។
ងាកមកខាងអ្នករត់រម៉កវិញក៏ចំណេញដូចគ្នា ព្រោះគាត់អាចមានគន្លងអាទិភាពមួយសម្រាប់ខ្លួនឯងដែលមិនខ្វល់ពីការរិះគន់ច្រើន ប្រសិនបើគាត់គោរពគន្លងរបស់គាត់ ហើយមានយានយន្តផ្សេងចូលមកលើផ្លូវរបស់គាត់ គាត់ក៏មានសិទ្ធក្នុងការរិះគន់វិញដែរ។
ចំណុចខាងលើគ្រាន់តែជាចំណុចមួយសម្រាប់ការពិចារណា តែទោះជាយ៉ាងណាក៏ធ្វើបែបនេះក៏មានផលប៉ះពាល់ច្រើនដែរបើគិតពីទំហំផ្លូវ ពីការចំណាយ និងផលប៉ះពាល់ដែលកើតមានពីការមិនទាន់យល់ដឹងច្បាស់ពីការគោរពច្បាប់ចរាចរណ៍ ហេតុនេះការពន្យល់ និងអប់រំណែរនាំពីសមត្ថកិច្ចជំនាញក៏ជាកត្តាមួយដែលចាំបាច់បំផុតក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ខណៈមនុស្សមួយចំនួនគិតថា មិនបាច់បង្កើតគន្លងអាទិភាពសម្រាប់រម៉កដឹកអ្នកដំណើរនោះទេ អ្វីដែលសំខាន់គឺច្បាប់កំណត់ផ្នែកណាមួយឱ្យគាត់ជិះឱ្យច្បាស់ថានៅគន្លងម៉ូតូ ឬរថយន្ត បន្ទាប់មកប្រើវិធានការច្បាប់ដើម្បីដាក់ឱ្យអនុវត្តជារឿងដែលចំណេញ ហើយបានផលល្អ៕