ការដកទុនបន្តិចម្ដងៗនេះ បានកើតឡើងនៅពេលលោក Jack Ma បានចាកចេញពីតំណែងប្រធានក្រុមហ៊ុន Alibaba កាលពីខែកញ្ញា2019 ហើយការលក់មូលបត្រនេះក៏ត្រូវបានគេជឿថា គឺដើម្បីយកប្រាក់ទៅធ្វើសកម្មភាពមនុស្សធម៌។
របាយករណ៍ប្រចាំឆ្នាំរបស់ Alibaba Group ដែលទើបត្រូវបានប្រកាស បានឱ្យដឹងថា ភាគហ៊ុនរបស់ហសស្ថាបនិក Jack Ma បានថយចុះពី6.4% មកនៅត្រឹម4.8%ក្នុងឆ្នាំ2019។ បើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ន ភាគហ៊ុននេះគឺប្រហាក់ប្រហែលនឹង9.6ពាន់លានដុល្លារអាមេរិក។
ការដកទុនបន្តិចម្ដងៗនេះ បានកើតឡើងនៅពេលលោក Jack Ma ចាកចេញពីតំណែងប្រធានក្រុមហ៊ុន Alibaba កាលពីខែកញ្ញាឆ្នាំមុន ដែលនេះត្រូវបានគេយល់ថា លោក Jack Ma ធ្វើឡើងដើម្បីផ្ដោតលើសកម្មភាពមនុស្សធម៌ឱ្យបានច្រើនជាងមុន។ Alibaba មិនបានប្រកាសបញ្ជាក់អំពីតម្លៃជាមធ្យមរបស់មូលបត្ររបស់ខ្លួននោះទេ។ ក្នុងរយៈពេលពេញមួយឆ្នាំ2019 មូលបត្រ Alibaba បានកើនឡើងដល់ទៅ40% ធៀបនឹងឆ្នាំ2018។
មូលបត្ររបស់ Alibaba កើនឡើងបែបនេះ ក៏ព្រោះតែលទ្ធផលនៃការធ្វើជំនួញ បានកើនឡើងលើសពីការរំពឹងទុក បើទោះជាកំណើនសេដ្ឋកិច្ចប្រទេសចិនបានធ្លាក់ចុះយ៉ាងណាក៏ដោយ។ បញ្ហាវិបត្តិសុខភាពដែលបង្កឡើងដោយCOVID-19 បានបណ្ដាលឱ្យប្រជាជនងាកមកទិញទំនិញតាមអនឡាញច្រើនជាងធម្មតា ដោយសារពួកគេត្រូវនៅផ្ទះព្រោះបម្រាមគោចរ។
ភាគហ៊ុនរបស់អនុប្រធានក្រុមហ៊ុន Alibaba លោក Joseph Tsai ក៏បានថយចុះក្នុងអំឡុងពេលនេះដែរ ពោលគឺថយចុះពី2.3% មកនៅត្រឹម1.6%។ មូលបត្រចំនួន1.6% របស់លោក Joseph Tsai មានតម្លៃប្រមាណជា4.1ពាន់លានដុល្លារអាមេរិក។ ទាំងលោក Jack Ma ទាំងលោក Joseph Tsai សុទ្ធតែកំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងក្រុមហ៊ុន បន្ទាប់ពី Daniel Zhang ត្រូវបានប្រកាសឱ្យឡើងកាន់កាប់តំណែងជាប្រធានជំនួសលោក Jack ma។ លោក Daniel Zhang បានគ្រប់គ្រងតំណែងនេះចាប់ពីខែកញ្ញា2019។
ឆ្នាំនេះ ទាំងលោក Ma ទាំងលោក Tsai ក៏បានរួមចំណែកផ្ដល់ជំនួយជាឧបករណ៍ការពារសុខភាពចំនួនរាប់លានឈុត តាមរយៈមូលនិធិមនុស្សធម៌ សម្រាប់ជួយដល់មន្ទីរពេទ្យនានាក្នុងពិភពលោក ក្នុងបំណងទប់ស្កាត់COVID-19។ ក្នុងរបាយការណ៍មួយកាលពីខែមេសា2019 របស់គណកម្មការមូលបត្រសហរដ្ឋអាមេរិក SEC (U.S. Securities and Exchange Commission) បានឱ្យដឹងថា មហាសេដ្ឋី Jack Ma មានផែនការលក់មូលបត្រចំនួន21លានហ៊ុនដោយប្រើពេល1ឆ្នាំ ដើម្បីយកប្រាក់ទៅធ្វើសកម្មភាពមនុស្សធម៌។
មហាសេដ្ឋីJack Ma បច្ចុប្បន្ន មានទ្រព្យសរុប52.4ពាន់លានដុល្លារ នេះបើតាមរបាយការណ៍ Bloomberg Billionaire Index។ លោក Jack Ma គឺជាអ្នកមានជាងគេលំដាប់ទី19ក្នុងពិភពលោក និងលំដាប់ទី2នៅប្រទេសចិន បន្ទាប់ពី CEO របស់ក្រុមហ៊ុន Tencent គឺលោក Pony Ma (Ma Huateng)។ លោក Jack Ma បានបាត់បង់តំណែងជាអ្នកមានជាងគេលំដាប់ទី1នៅប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ៕
ប្រភព៖ Reuters