កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដែលទាមទារឱ្យមានធនធានមនុស្សជាច្រើនផ្នែក ជាពិសេសផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះស្ថិតក្នុងដំណាក់កាលនេះគ្រប់ក្រុមហ៊ុន សហគ្រាស និងចង្វាក់ផលិតកម្មនានា រួមទាំងវិស័យសំណង់ផងសុទ្ធតែត្រូវការអ្នកជំនាញបច្ចេកទេស។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព។
កន្លងមកឯកឧត្តម ក៏ធ្លាប់បានលើកឡើងផងដែរថា ផ្នែកបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមចំណែកយ៉ាងច្រើនតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សបំពេញឱ្យសេចក្តីត្រូវការរបស់ក្រុមហ៊ុនសហគ្រាសនានាដែលកំពុងដាក់ការវិនិយោគនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងបញ្ហានេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរដោយសារតែយុវជនកម្ពុជាមិនទាន់ចាប់អារម្មណ៍ច្រើនក្នុងការរើសជំនាញនេះ។ ជាយន្តការក្រសួង និងភាគីពាក់ព័ន្ធក៏បានយកចិត្តទុកដាក់ច្រើនដើម្បីជំរុញឱ្យប្រជាជនចាប់ផ្តើមមានលទ្ធភាពកាន់តែច្រើនក្នុងការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕