កញ្ញា រឿន ណាត កញ្ញាឯកចក្រវាលកម្ពុជា2018 បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្រោងនឹងបើកជំនួញមួយនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្ននាងកំពុងសាកល្បងធ្វើតេសលើគុណភាពផលិតផលឱ្យបានជាក់លាក់មុននាំចូលមកកាន់ទីផ្សារកម្ពុជា។
យ៉ាងណាមិញ កញ្ញាឯកចក្រវាលកម្ពុជា2018 រូបនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេថាផលិតផលនោះជាផលិតផលអ្វីឱ្យប្រាកដ គ្រាន់តែថាឆាប់ៗនេះ ទស្សនិកជន អ្នកគាំទ្រច្បាស់ជាបានឃើញជំនួញថ្មីនេះ។ ទន្ទឹមគ្នានឹងគ្រោងការបើកជំនួញនេះ ស្រីស្អាត រឿន ណាត ក៏កំពុងសំលឹងមើលកម្មវិធីអន្តរជាតិថ្មី សម្រាប់ការចូលប្រកួតដូចគ្នាដែល ដោយពេលនេះនាងកំពុងសិក្សាលក្ខខណ្ឌរបស់កម្មវិធីចំនួន គឺ Miss International និង Miss Supranational។
គួររំលឹកថា ក្រោយត្រឡប់ពីការប្រកួត Miss Universe International 2018 នៅប្រទេសថៃ ទីផ្សារការងារសិល្បៈរបស់ កញ្ញា រឿន ណាត ផ្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដោយនាងមានការងាររដឹកជាប់គ្នាដូចកន្ទុយខ្លែង ដូចជាការងារជាតារាម៉ូដែល ការសម្តែង ការថតម៉ូដសម្អាងការ ការថតផ្សព្វផ្សាយផលិតផល និងការងារផ្សេងៗទៀតជាច្រើន។