ពេលដែលអ្នកប្រើប្រាស់ជ្រើសយកទូរសព្ទដែលមានតម្លៃទាប ពួកគេដឹងថាទូរសព្ទនោះនឹងពុំមានអេក្រង់ស្អាត ឬថ្មដែលអាចប្រើបានយូរ តែអ្វីដែលគេពុំដែលស្មានដល់នោះគឺទូរសព្ទទាំងនោះអាចមានផ្ទុកមេរោគ malware ហើយករណីនេះក៏បានកើតមានឡើងនៅសហរដ្ឋអាមេរិកតែម្ដង។
កាលពីខែមករាកន្លងទៅ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Malwarebytes បានរកឃើញមេរោគ malware ជាមួយទូរសព្ទស្មាតហ្វូន Unimax (UMX) U686CL ដែលមិនត្រឹមតែពុំអាចលុបចោលបាន វាថែមទាំងអាចបញ្ចូលកម្មវិធីផ្សេងៗទៀតដោយមិនចាំបាច់មានការអនុញ្ញាតពីអ្នកប្រើប្រាស់នោះទេ។ ទូរសព្ទនេះជាប្រភេទទូរសព្ទដែលមានតម្លៃទាប លក់ដោយក្រុមហ៊ុន Assurance Wireless ដែលជាចំណែកមួយនៃក្រុមហ៊ុន Virgin Mobile ដើម្បីជួយដល់ប្រជាជនដែលមានកម្រិតចំណូលទាបអាចប្រើប្រាស់ទូរសព្ទចល័តបាន។
ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន Malwarebytes បានរកឃើញទូរសព្ទស្មាតហ្វូនម៉ូដែល ANS UL40 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ក៏មានផ្ទុកមេរោគ malware ផងដែរ។ មិនខុសពីទូរសព្ទម៉ូដែល UMX U686CL ទូរសព្ទនេះក៏មានមេរោគ malware ដែលអាចបញ្ចូលកម្មវិធីផ្សេងៗទៀតបានដោយស្វ័យប្រវត្តិ ប៉ុន្តែវាជាប្រភេទមេរោគខុសគ្នា។
ទោះបីជាអ្នកស្រាវជ្រាវមិនទាន់បានរកឃើញមេរោគនៅក្នុងកម្មវិធីដែលបានដំឡើងបន្ថែមនាពេលបច្ចុប្បន្នក៏ដោយ តែក៏ពុំមានន័យថាវានៅតែមិនមានមេរោគនៅថ្ងៃក្រោយទៀតដែរ ព្រោះគេបានរកឃើញកម្មវិធី Downloader Wotby ដែលជាប្រភេទមេរោគ Trojan ហើយវាអាចធ្វើការទាញយកកម្មវិធីពីប្រភពផ្សេងៗបានក្រៅពី Play Store ដោយយើងមិនបានដឹងនោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា