មហាសេដ្ឋី Elon Musk បច្ចុប្បន្នមានទ្រព្យសរុបជាង70ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋី Warren Buffett ដោយសារតែមូលបត្រ Tesla ចេះតែឡើងថ្លៃនាពេលថ្មីៗនេះ។
យោងតាមរបាយការណ៍របស់ Bloomberg មូលបត្ររបស់ក្រុមហ៊ុនរថយន្ត Tesla កាលពីម្សិលមិញបានកើនឡើង11% ដែលនេះក៏បានទាញទ្រព្យសម្បត្តិរបស់ CEO នៃក្រុមហ៊ុន Tesla កើនឡើងបន្ថែម6.1ពាន់លានដុល្លារផងដែរ។ ដូច្នេះ បច្ចុប្បន្នលោក Elon Musk មានទ្រព្យសរុបចំនួន70.5ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋី Warren Buffett ហើយបានក្លាយជាអ្នកមានជាងគេលំដាប់ទី7ក្នុងពិភពលោក។ ទ្រព្យសម្បត្តិរបស់លោក Musk ក៏ច្រើនជាងមហាសេដ្ឋី Larry Ellison ដែលជាម្ចាស់ក្រុមហ៊ុន Oracle និង Sergey Brin ដែលជាសហស្ថានិករបស់ក្រុមហ៊ុន Google ទៀតផង។
ចំណែកមហាសេដ្ឋី Warren Buffett វិញ ក្នុងសប្ដាហ៍នេះ ទ្រព្យរបស់លោកបានថយចុះ បន្ទាប់ពីបានបរិច្ចាគប្រាក់សម្រាប់សកម្មភាពមនុស្សធម៌អស់ចំនួន2.9ពាន់លានដុល្លារពីមូលបត្រនៅក្នុងក្រុមហ៊ុន Berkshire Hathaway។ កំពូលវិនិយោគិនរូបនេះ បានបរិច្ចាគប្រាក់ជាង37ពាន់លានដុល្លារនៃមូលបត្ររបស់ខ្លួនសម្រាប់សកម្មភាពមនុស្ស រាប់ចាប់ពីឆ្នាំ2006 ដល់2020នេះ។ បច្ចុប្បន្ន លោកមានទ្រព្យសរុបប្រមាណជា69.2ពាន់លានដុល្លារ។
លោក Elon Musk កាន់កាប់ភាគហ៊ុន Tesla ចំនួនមួយភាគប្រាំ ដែលតួលេខនេះគឺជាទ្រព្យមួយភាគធំក្នុងចំណោមទ្រព្យសរុបរបស់លោក។ ភាគហ៊ុនរបស់លោក Musk នៅក្នុងក្រុមហ៊ុនអវកាស SpaceX មានតម្លៃ15ពាន់លានដុល្លារ។
នៅក្នុងឆ្នាំនេះ មូលបត្រ Tesla បានកើន269%។ ការដែលតម្លៃទុនរបស់ក្រុមហ៊ុនរថយន្ត Tesla ចេះតែកើនឡើងបែបនេះ បានជួយឱ្យលោក Musk ទទួលបានរង្វាន់ជាមូលបត្រដែលមានតម្លៃ595លានដុល្លារនៅក្នុងឆ្នាំនេះទៀតផង ហើយលោកក៏បានក្លាយជា CEO ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបង្អស់នៅសហរដ្ឋអាមេរិក។
នៅមុនលោក Elon Musk អ្នកជំនួញផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតដូចជា Steve Ballmer (CEO របស់ Microsoft) Larry Page, Sergey Brin (សហស្ថាបនិករបស់ Google) ក៏បានលោតទៅឈរពីមុខ Warren Buffett ផងដែរ នៅលើបញ្ជីចំណាត់ថ្នាក់អ្នកមានបំផុត។ កំពូលអ្នកជំនួញឥណ្ឌា លោក Mukesh Ambani បច្ចុប្បន្នក៏មានទ្រព្យច្រើនជាងមហាសេដ្ឋី Warren Buffett ផងដែរ៕
ប្រភព៖ Bloomberg