អតីតតារាចម្រៀងលោកកង ពិសិដ្ឋ លេចធ្លោតាមរយៈបទចម្រៀង «ស្នេហ៍គឺវាយ៉ាងនេះ» «បេះដូងកំព្រា» «តំណែងស្នេហ៍» និងបទ «ស្នេហ៍ដំបូង »ក្នុងផលិតកម្មSpark Music គឺមេដឹកនាំក្រុមតន្រ្តីនិងចម្រៀង Coconut Band ខណៈប៉ុន្មាននេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បានប្រកាសឱ្យដឹងពីការវិលត្រឡប់វិញរបស់ក្រុមលោក ដែលមានសមាជិកទាំងអស់ចំនួន 4 រូប។
កាលពីឆ្នាំ2018 កន្លងទៅ ប្រធានក្រុមច្រៀង Coconut រូបនេះ ធ្លាប់បានបង្ហាញភាពជឿជាក់លើស្នាដៃនៃការសម្រិតសម្រាំងអាល់ប៊ុមចម្រៀងដែលមានចំណងជើងថា «ធាតុក្ដៅ ធាតុត្រជាក់» នឹងទទួលការគាំទ្រខ្លាំងពីទស្សនិកជន ព្រោះអាល់ប៊ុមនេះ ក្រុមចម្រៀងរបស់លោកបានយកចិត្តទុកខ្ពស់ ទាំងសាច់ភ្លេងនិងអត្ថន័យ។ យ៉ាងណាមិញ ភាពល្បីល្បាញ របស់ក្រុមចម្រៀង Coconut ហាក់ស្ងប់ស្ងាត់ខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ធ្វើឱ្យមហាជនទន្ទឹងចាំការចេញបទចម្រៀងបន្ដបន្ទាប់របស់ក្រុមមួយនេះ ។
គួរបញ្ជាក់ផងដែរថា ការប្រកាសត្រឡប់របស់ Coconut Band លោក កង ពិសិដ្ឋ ក៏បានបញ្ចេញឆាណែល «ស្នូលតន្ត្រី» មួយទៀតនៅលើបណ្ដាញសង្គមយូធូប ដែលលោកបានអះអាងថា នេះជាការបើកទំព័រថ្មីនៃមូលដ្ឋានការប្រមូលអ្នកផលិតសិល្បៈបទចម្រៀង។ លោកបន្ដថា លោកបង្កើត «ស្នូលតន្ត្រី» នេះឡើង គឺដើម្បីបង្កើន និងលើកតម្ដើងការផលិតបទចម្រៀងនិពន្ធថ្មីឱ្យបានច្រើន។ ទីពីរគឺលោក ចង់ផ្ដល់ឱ្យដល់អ្នកមានទេពកោសល្យច្រៀង ដែលមានគ្មានកន្លែងនឹងបញ្ចេញឱ្យមហាជនបានឃើញ។ ហើយចុងក្រោយនោះ លោកក៏ផ្ដោតសំខាន់ទៅលើចំណីអារម្មណ៍របស់អ្នកស្ដាប់ ដើម្បីឱ្យអ្នកគាំទ្របានរំសាយអារម្មណ៍ និងខណៈដែលនឹកឃើញចង់ស្ដាប់ចម្រៀងគឺ នឹកឃើញដល់ «ស្នូលតន្ត្រី» ៕