បើទោះជាប្រាក់ឈ្នួលត្រឹមតែ10ដុល្លារក្នុងមួយម៉ោង ប៉ុន្តែជនជាតិអង់គ្លេសមួយចំនួន នៅតែទៅសុំការងារធ្វើនៅក្នុងកសិដ្ឋានដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ឬយ៉ាងហោចក៏ដើម្បីកុំឱ្យឯកោនិងទំនេរហួសពេកនៅក្នុងសម័យCOVID-19នេះ។
បើសិនជាពេលធម្មតា Ella Chandler នឹងលេង cricket ស្ទើរតែរាល់ថ្ងៃ។ ចំណែក Zak Oyrzynski នឹងធ្វើជាមេចុងភៅនៅទីក្រុងឡុងដ៍។ រីឯ Beth Blease ដែលជាគ្រូបង្វឹកឯកជនម្នាក់ នឹងជួយដល់អតិថិជនជារៀងរាល់ថ្ងៃ ខណៈដែល Sam Richards វិញ នឹងចេញទៅលក់ផលិតផល។
ក៏ប៉ុន្តែ ក្នុងឆ្នាំនេះ ពួកគេបែរជាមានវត្តមាននៅលើវាល និងចំការ និងកសិដ្ឋាន ដោយធ្វើការងារដែលពួកគេនឹកស្មានមិនដល់កាលពីប៉ុន្មានខែមុន នោះគឺការងារបេះបន្លែផ្លែឈើ។ យ៉ាងនេះក្ដី មនុស្សមួយចំនួនក៏នៅតែបង្ហាញអំពីការសប្បាយរីករាយជាមួយការងារទាំងនេះ។
“ការងារនេះសប្បាយណាស់ ប៉ុន្តែក៏ហត់ណាស់ដែរ” Chandler ដែលធ្លាប់ជាកីឡាករម្នាក់ក្នុងក្រុម cricket នៅនូវែលសហ្សេឡង់ថ្លែងដូច្នេះ។ ថ្មីៗនេះ នាងបេះផ្លែស្ត្រូបូរីបានដល់ទៅ250គីឡូក្រាមឯណោះក្នុងរយៈពេលជាង5ម៉ោង។ នាងនិយាយថា “ខ្ញុំពិតជាពេញចិត្តណាស់”។
មុននេះ Chandler បានទទួលដំណឹងថា កសិដ្ឋាននានានៅជនបទ និងនៅជាយក្រុង កំពុងប្រកាសស្វែងរកអ្នកបេះផ្លែឈើ ព្រោះតែខ្វះពលករ។ នាងក៏បានសុំធ្វើការនៅក្នុងស្រុក Surrey ដែលស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍។ ទន្ទឹមនឹងឱកាសរកប្រាក់ អ្នកបាត់បង់ការងារទាំងនេះនៅតែចាត់ទុកថា ជាវិធីដែលពួកគេអាចជួបជុំគ្នានិងជជែកគ្នាលេងនៅពេលដែលប្រទេសជាតិកំពុងស្ថិតក្នុង “ការឡោមព័ន្ធ” របស់COVID-19។
Zak Oyrzynski ដែលជាមិត្តរួមការងារនៅក្នុងកសិដ្ឋានជាមួយនាង Chandler និយាយថា “យ៉ាងហោចណាស់ខ្ញុំក៏អាចមានការងារធ្វើនឹងគេដែរ”។ លោក Zak Oyrzynski ថ្លែងថា គាត់មានមោទនភាព ដោយសារតែសុំបានការងារធ្វើ និងមិនមានឈ្មោះថា “ដើរទាត់ខ្យល់” នោះដែរ។
មុខរបរបេះផ្លែស្រ្តូបូរីរកបានចំណូលទាបខ្លាំងណាស់។ Oyrzunski ប្រាប់ថា គាត់ទទួលបានប្រាក់ឈ្នួលត្រឹមតែ 8.72ផោន (11ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយម៉ោង។ នៅក្នុងក្រុមហ៊ុនចាត់ចែងកសិដ្ឋាន Hall Hunter ប្រាក់ឈ្នួលគិតជាសប្ដាហ៍កាលពីឆ្នាំមុនគឺ 414ផោន (ជិត520ដុល្លារអាមេរិក)។
Oyrzynski និយាយថា “មនុស្សមួយចំនួនបានបោះបង់ការងារនេះ ព្រោះតែប្រាក់ខែមិនសមតាមបំណង”។ លោកបន្តថា បើទោះជាការងារនេះហាក់មានភាពសប្បាយរីករាយ ប៉ុន្តែ គេត្រូវការគោរពបទបញ្ជាតឹងរឹងមួយចំនួន។ “នេះមិនមែនជាការងារល្អនោះឡើយ”។
ជាធម្មតា ការងារបេះផ្លែឈើនៅអង់គ្លេស តែងត្រូវបានធ្វើឡើងដោយក្រុមពលករចំណាកស្រុកធ្វើការតាមរដូវ មកពីអឺរ៉ុបខាងកើត។ ជារឿងរាល់ឆ្នាំ ប្រទេសអង់គ្លេសទទួលយកពលករធ្វើការតាមរដូវប្រមាណជា 70,000នាក់ដើម្បីប្រមូលកសិផល។
ប៉ុន្តែ ដោយសារមានCOVID-19 ទើបបានជាពលករមកពីបរទេសមិនអាចចូលមកកាន់ប្រទេសអង់គ្លេសបាន ខណៈដែលដំណាំត្រូវបានដាំដុះរួចរាល់ហើយ។ ដោយសារខ្វះកម្លាំងពលកម្ម រាជរដ្ឋាភិបាលប្រទេសអង់គ្លេសក៏បានបង្កើតយុទ្ធនាការ “Pick for Britain” ចាប់ពីខែមេសាឆ្នាំ2020 ដើម្បីប្រមូលកម្លាំងពលកម្មក្នុងស្រុក។ ព្រះអង្គម្ចាស់ Charles ក៏ធ្លាប់បានចូលរួមយុទ្ធនាការខាងលើនេះដែរ តាមរយៈការបង្ហោះសារជាវីដេអូអំពាវនាវដល់ពលរដ្ឋ។
Blease ដែលជាគ្រូបង្វឹកឯកជនម្នាក់ ក៏បានមកធ្វើការជាអ្នកបេះផ្លែឈើ និងវេចខ្ចប់ទំពាំងបារាំង ដោយធ្វើការ9ម៉ោងក្នុងមួយថ្ងៃនៅក្នុងកសិដ្ឋាន Claremont Farm នៅភាគខាងជើងប្រទេសអង់គ្លេស និងទទួលបានប្រាក់ខែទាបមិនគួរឱ្យជឿ។ ប៉ុន្តែ នាងនិយាយថា ការងារកសិកម្មគឺជារង្វាន់ធំជាងប្រាក់ចំណូលទៅទៀត។ នាង Blease បានឱ្យដឹងថា នឹងទិញកសិដ្ឋានមួយកន្លែង ក្រោយពីCOVID-19 លែងមានឥទ្ធិពល ហើយនាងនឹងប្រើប្រាស់កសិដ្ឋាននោះ ដើម្បីធ្វើជាកន្លែងសម្រាប់ទទួលអ្នកដែលមានជំងឺផ្លូវចិត្តជាដើម មកទទួលការព្យាបាល។
ចំណែក Richards វិញ ក៏កំពុងតែធ្វើការនៅក្នុងកសិដ្ឋាន Claremont Farm ក្រោយពីបានបាត់បង់ការមួយនៅក្នុងក្រុមហ៊ុនស្រាបៀមួយ។ Richards ថ្លែងថា ការងារបេះផ្លែស្ត្រូបូរីនេះគឺជាការងារហត់នឿយបំផុត ព្រមទាំងទទួលបានប្រាក់ឈ្នួលទាបទៀតផង។ “ប៉ុន្តែ វាជាការងារដែលធ្វើឱ្យខ្ញុំសប្បាយចិត្តបំផុត ពិតជាចម្លែកណាស់” អ្នកស្រី Richards ថ្លែងដូច្នេះ។
កសិករអង់គ្លេស មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញអ្នកស្រុកអង់គ្លេសមកធ្វើការជាពលករបេះបន្លែផ្លែឈើយ៉ាងដូច្នេះ៕
ប្រភព៖ NYT