បន្ទាប់ពី iPhone 12 ដែល Apple គ្រោងប្រកាសចេញនាចុងឆ្នាំនេះ ក៏មានប្រភពជាច្រើនបានលើកឡើងថា ក្នុងប្រអប់នឹងលែងមានដុំសាកថ្ម និងកាសស្ដាប់ ដូច iPhone កាលពីមុនទៀតហើយ។
ហើយស្រាប់តែថ្មីៗនេះ Samsung ក៏កំពុងតែពិចារណាពីការលក់ស្មាតហ្វូនដោយមិនមានដាក់ដុំសាកក្នុងប្រអប់ទៀតដូចគ្នាដែរ ហើយអាចនឹងចាប់ផ្ដើមលឿនបំផុត ចាប់ពីឆ្នាំក្រោយនេះទៅ ប៉ុន្តែគម្រោងនេះ គឺសម្រាប់តែម៉ូដែលមួយចំនួនប៉ុណ្ណោះ។ នេះបើផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ ETNews ។
ទោះជា Samsung មិនទាន់បានបញ្ជាក់អំពីដំណឹងនេះនៅឡើយក្ដី តែគេយល់ថា ការកាត់បន្ថយថ្លៃចំណាយ និងការចង់ទប់តម្លៃស្មាតហ្វូនកុំឱ្យឡើងថ្លៃខ្ពស់ពេក អាចជាហេតុផលសំខាន់មួយ នៅពីក្រោយការសម្រេចចិត្តនេះ។
គេសង្កេតឃើញថា ចំពោះតម្លៃស្មាតហ្វូន ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានឡើងថ្លៃជាបន្តបន្ទាប់ ដោយសារតែគ្រឿងឧបករណ៍សម្រាប់ផលិតស្មាតហ្វូន ចេះតែឡើងថ្លៃឥតឈប់ឈរ ជារៀងរាល់ឆ្នាំ៕