ផ្លូវក្រវាត់ក្រុងទី3 នៃរាជធានីភ្នំពេញដែលបានឆ្លងកាត់ និងធ្វើឱ្យតំបន់ជាច្រើននៃជាយក្រុងភ្នំពេញ និងខេត្តកណ្តាលរីកចម្រើនកាន់តែខ្លាំង បច្ចុប្បន្ននេះសាងសង់ជិតបានពាក់កណ្តាលហើយ។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន បានបញ្ជាក់ថាគម្រោងផ្លូវក្រវាត់ក្រុងទី3នេះ ដំណើរការសាងសង់សម្រេចបាន 40%ហើយ មកដល់ពេលនេះ។ ផ្លូវក្រវាត់ក្រុងទី3 នេះជាផ្លូវយុទ្ធសាស្ត្រមួយដែលឆ្លងកាត់ពីផ្លូវជាតិលេខ4 មកផ្លូវជាតិលេខ1 ស្ថិតក្នុងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានប្រវែងសរុបចំនួន 53គីឡូម៉ែត្រ។
ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់នេះ ត្រូវបានាងសង់ឡើងដោយមានទំហំ 27ម៉ែត្រសម្រាប់ទីប្រជុំជន និងមានទំហំ 25ម៉ែត្រនៅក្រៅទីប្រជុំជន ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណត់ផ្លូវក្នុងក្រុង និងដាំដើមឈើលម្អនៅភូមិសាស្ត្រក្រៅក្រុង។ គម្រោងនេះមានស្ពានអាកាសឆ្លងកាត់ចំនួន 4កន្លែង គឺឆ្លងកាត់ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ 21 ដែលមានប្រវែងសរុប 1គីឡូម៉ែត្រ ហើយមានស្ពានឆ្លងទន្លេចំនួន 2កន្លែងត្រង់កោះអន្លង់ចិន៕