ក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ ពិភពលោកកំពុងរស់នៅជាមួយបច្ចេកវិទ្យា ព្រោះមិនថាការងារ ការធ្វើអាជីវកម្ម ឬជីវិតប្រចាំថ្ងៃនោះទេ មនុស្សចាំបាច់ត្រូវតែប្រើបច្ចេកវិទ្យា។ តែទោះជាយ៉ាងនេះក្តី សម្រាប់ការអប់រំកុមារតូចវិញ របត់បច្ចេកវិទ្យាអាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ឱ្យបានដិតដល់ដើម្បីធានាថាពួកគេអាចរៀនតាមបច្ចេកវិទ្យាប្រកបដោយគុណភាព និងសុវត្ថិភាព។
លោកស្រី អ៊ុក សូនីតា នាយិការងនាយកដ្ឋានអប់រំ ទទួលបន្ទុកកម្មវិធីមត្តេយ្យ និងកុមារតូច នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទោះជាមិនមានការស្រាវជ្រាវជាក់លាស់ណាមួយដែល0បង្ហាញថាការរៀនពីចម្ងាយនៃកម្មវិធីមត្តេយ្យសិក្សានឹងទទួលបានលទ្ធផលល្អឥតខ្ចោះ 100% ដូចការសិក្សាក្នុងថ្នាក់ក៏ដោយ ក៏យើងនៅតែអាចព្យាយាមគ្រប់លទ្ធភាពដើម្បីផ្តល់ចំណេះដឹង និងកាត់បន្ថយផលប៉ះពាល់បានដែរ។ អ្នកអប់រំអាចថ្លឹងថ្លែងឱ្យបានច្បាស់លាស់ពីកម្រិតនៃការយល់ដឹងរបស់កុមារ រយៈពេលដែលកុមារអាចទទួលយកបាន និងសកម្មភាពជាច្រើនផ្សេងទៀតដែលគួរផ្តល់ឱ្យពួកគេ។ ជាក់ស្តែង នៅបណ្តាញសាលារៀនរបស់វេសឡាញ ដើម្បីធានាគុណភាពអប់រំ និងការអភិវឌ្ឍរាងកាយ បញ្ញា ស្មារតី និងភាសារបស់កុមារតូច និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និងឧបរករណ៍ឌីជីថលក្នុងការសិក្សាតាមអនឡាញ នាយកដ្ឋានជំនាញបានរៀបចំដាក់បញ្ចូលនូវកម្មវិធីសិក្សាតាមរយៈ Zoom ដែលការសិក្សាតាមវិធីនេះអាចធ្វើឱ្យកុមារបានជួបផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូ ដើម្បីអនុវត្តការនិយាយភាសាអ់គ្លេស និងអភិវឌ្ឍការទំនាក់ទំនង។ ក្រៅពីនេះវាក៏អាចជួយឱ្យកុមារអាចធ្វើលំហាត់តាមសន្លឹកកិច្ចការដូចជាការផាត់ពណ៌ ការគូសគំនូរ រួមទាំងអនុវត្តបំណិនជីវិតជាច្រើនផ្សេងទៀត។
លោកស្រី អ៊ុក សុនីតា បាននិយាយថា៖ «កុមារជាវ័យដែលអាចងាយនឹងប៉ះពាល់ពីបច្ចេកវិទ្យា ជាពិសេសកុមារដែលមានវ័យចាប់ពី 3ឆ្នាំ ដល់5ឆ្នាំ។ ហេតុនេះយើងគួរឱ្យគាត់ចំណាយពេលត្រឹមតែ 10នាទីប៉ុណ្ណោះដើម្បីរៀនមេរៀនតាមវីដេអូ ដែលសម្រាប់សាលាយើងគឺឱ្យពួកគាត់រៀនតាម App Testdopi មុនពេលរៀនផ្ទាល់តាម Zoom រយៈពេល 30នាទីសម្រាប់មួយមុខវិជ្ជារាល់ថ្ងៃ»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីបន្ថយផលប៉ះពាល់ យើងគួរឱ្យសិស្សស្តាប់គ្រូបង្រៀនតាមរយៈ Zoom ហើយឱ្យគាត់ធ្វើតាមការណែនាំក្នុងសៀវភៅ ឬក្រដាសកិច្ចការច្រើនជាងមើលមកអេក្រង់។ បន្ថែមពីលើនេះ ដើម្បីជួយកុមារឱ្យកាន់តែមានការអភិវឌ្ឍលឿន យើងក៏គួរបន្ថែមនូវកម្មវិធីមួយចំនួនដូចជាកម្មវិធីសិក្សាតាមបែប ម៉ុនតេសូរី ដែលកុមារតូចៗអាចនឹងទទួលបានកញ្ចប់សម្ភារសិក្សាសម្រាប់អនុវត្តផ្ទាល់តាមរយៈការបង្ហាត់បង្រៀនរបស់គ្រូ។ កញ្ចប់សម្ភារសិក្សាទាំងអស់នោះនឹងអនុញ្ញាតឱ្យស្សិបានចំណាយពេលវេលាច្រើនលើការសិក្សា និងកម្សាន្តដោយចំណេះដឹង ដូចជាការរៀនស្លៀកសម្លៀកបំពាក់ ការរៀនពាក់ស្បែងជើង ការរៀនកាន់ស្លាបព្រា មុខវិជ្ជាកីឡា ដែលកុមារអាចរៀនធ្វើលំហាត់តាមភ្លេង រួមទាំង មុខវិជ្ជាសិល្បៈ និងច្នៃប្រឌិត (art&craft) ជាដើម។ ក្រៅពីនេះ កុមារក៏អាចនឹងទទួលការអប់រំឱ្យចេះអនុវត្តតាមរយៈការផាត់ពណ៌ ការគូសតាមគំនូសអក្សរ ការរៀនកាត់បិទ និងមុខវិជ្ជាផ្សេងៗទៀតដើម្បីឱ្យពួកគេបានអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយ។
ចំពោះការចូលរួមរបស់អាណាព្យាបាលវិញ លោកស្រីណែនាំឱ្យឪពុកម្តាយគ្រប់រូបគួរចូលរួមចំណែកដើម្បីកាត់បន្ថយភាពតានតឹងរបស់កុមារ និងជួយបង្កើនភាពរីករាយ ដោយក្រៅពីសកម្មភាពដែល អ្នកអាណាព្យាបាលបានដឹកនាំធ្វើរាល់ចុងសប្តាហ៍ជាមួយកូនៗនៅក្នុងផ្ទះហើយ អ្នកអាណាព្យាបាលអាចនាំកូនៗទៅធ្វើទស្សនកិច្ចសិក្សានៅខាងក្រៅ ចំនួន 2ដងក្នុង 1ត្រីមាស។ សកម្មភាពទាំងនោះអាចជាការនាំពួកគេទៅកាន់ទីកន្លែងកម្សាន្តដែលមានសុវត្ថិភាពដើម្បីរៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅដូចជា ទស្សនកិច្ចសួនសត្វ សួនច្បារ ទិញសៀវភៅនៅបណ្ណាគារ ទស្សនកិច្ចផ្សារទំនើប និងទស្សនកិច្ចតាមសារមន្ទីរសារមន្ទីរជាដើម។ បន្ថែមពីលើនេះអ្នកអាណាព្យាបាលត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានជាអាលកុល ម៉ាសការពាររាល់ពេលដែលជូនកូនៗធ្វើទស្សនកិច្ចសិក្សា៕