យន្តហោះដំបូងបង្អស់របស់ប្រទេសចិនដែលមានផ្ដល់សេវាអ៊ីនធើណិតល្បឿនលឿនពីផ្កាយរណប បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងកាលពីថ្ងៃទី7កក្កដាកន្លងទៅ។
យន្តហោះដែលមានស្លាកលេខ QW9771 របស់ក្រុមហ៊ុនអាកាសចរណ៍ Qingdao Airlines បានហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ Qingdao International Airport នៅវេលាម៉ោង16និង46នាទី (ម៉ោងក្នុងស្រុក) និងចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិ Chengdu (Chengdu Shuangliu International Airport) ដែលស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន នៅវេលាម៉ោង19និង21នាទី ក្នុងថ្ងៃដដែល។
អតិថិននៅលើយន្តហោះ អាចប្រើប្រាស់អ៊ីនធើណិតដែលមានល្បឿនជាង 100 megabyte ក្នុង1វិនាទី ដែលនេះបាននាំមកនូវបទពិសោធន៍ក្នុងការចូលមើលគេហទំព័រនានាដូចទៅនឹងនៅនឹងការប្រើប្រាស់នៅលើដី។
ប្រការនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ចិន។ ភ្ញៀវនៅលើយន្តហោះអាចហៅទូរស័ព្ទវីដេអូទៅកាន់មនុស្សនៅលើដី និងចែករំលែកទេសភាពនៅលើ “មេឃ” ជាមួយមិត្តភក្តិនៅលើដីក្នុងពេលវេលាតែមួយ។
ប្រភពអ៊ីនធើណិតពីផ្កាយរណបនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន China Satcom ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិន។ China Satcom បច្ចុប្បន្នមានផ្កាយរណបចំនួន15ដែលកំពុងដំណើរការនៅលើគន្លងគោចរផែនដី។
ក្រោយការហោះហើរប្រកបដោយជោគជ័យជាលើកដំបូងនេះ ក្រុមហ៊ុនមានគោលដៅសហការជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនាពេលខាងមុខ ដើម្បីពង្រីកសេវាកម្មអ៊ីនធើណិតល្បឿនលឿននៅតាមជើងហោះហើរនានា។
ក្រុមហ៊ុន China Satcom ក៏មានបំណងធ្វើពិពិធកម្មដៃគូសហការផងដែរ ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណិតដល់វិស័យផ្សេងៗគ្នា ដូចជា វិស័យថាមពល គ្រប់គ្រងធនធាន កសិកម្មនិងនេសាទ គ្រប់គ្រងអាសន្ន វិទ្យុទូរទស្សន៍ សេវាកំណត់ទិស និងវិស័យអប់រំជាដើម៕
ប្រភព៖ ECNS