មូលបត្រ Alibaba នៅផ្សារហ៊ុនហុងកុង បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនកាលពីល្ងាចម្សិលមិញ(9កក្កដា) ដោយបានទាញតម្លៃទុនរបស់ក្រុមហ៊ុននេះឡើងដល់720ពាន់លានដុល្លារ ខ្ពស់ជាង Facebook ទៅទៀត។
មូលបត្រ Alibaba របស់មហាសេដ្ឋីចិន Jack Ma នៅលើផ្សារហ៊ុនហុងកុងកាលពីល្ងាចម្សិលមិញ បានកើន10% ពោលគឺ មានតម្លៃ261.6ដុល្លារហុងកុងក្នុង1ហ៊ុននៅពេលបិទការជួញដូរ។ មូលបត្រនេះក៏បានកើន9% ដោយវាមានតម្លៃ257ដុល្លារអាមេរិកនៅលើផ្សារហ៊ុននីវយ៉ក សហរដ្ឋអាមេរិក។ កំណើនខាងលើនេះបានជួយអូសទាញតម្លៃទុនរបស់ Alibaba ឡើងដល់5.614លានលានដុល្លារហុងកុង (720ពាន់លានដុល្លារអាមេរិក) ខ្ពស់ជាង Facebook ដែលមានត្រឹមតែ694.5ពាន់លានដុល្លារ។ ដូច្នេះ គិតមកដល់បច្ចុប្បន្ន Alibaba គឺជាក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេលំដាប់ទី6ក្នុងពិភពលោក។
ក្រុមហ៊ុនផ្ដល់ប្រឹក្សា Jefferies យល់ថា ក្រុមអ្នកវិនិយោគបានសម្រុកទិញមូលបត្ររបស់ Alibaba គឺដោយសារខ្លាចបាត់បង់ឱកាសនៅពេលក្រុមហ៊ុននេះរកបានចំណេញច្រើន។ Jefferies បានផ្ដល់អនុសាសន៍ថា គួរតែ “ទិញ” មូលបត្រនេះជាមួយនឹងតម្លៃគោលត្រឹម300ដុល្លារហុងកុង។
“Alibaba មានភាពមាំមួនក្នុងការរកស៊ីជាមួយនឹងរូបមន្តច្រើនបែប ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះមានក្ដីសង្ឃឹមក្នុងការងើបឡើងវិញយ៉ាងប្រសើរ ដោយសារបច្ចេកវិទ្យា។ ក្នុងត្រីមាសទី2 យើងព្យាករថា លទ្ធផលជំនួញរបស់ពួកគេនឹងបានល្អ ដោយមានផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចជា “មេមាន់ពងមាស””។
ក្នុងចំណោមក្រុមអ្នកវិភាគចំនួន21នាក់ ដែល Bloomberg តាមដាន គឺសុទ្ធតែលើកទឹកចិត្តឱ្យអ្នកវិនិយោគទិញមូលបត្រ Alibaba ជាមួយនឹងតម្លៃគោលដៅគឺ263ដុល្លារហុងកុងក្នុង1ហ៊ុន។ Alibaba គឺជាឈ្មោះដែលនាំមុខគេនៅក្នុងចំណោមក្រុមហ៊ុនចិនដែលបានចូលផ្សារហ៊ុន (IPO) ហុងកុង បន្ទាប់ពីបានធ្វើនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមដាក់ឱ្យជួញដូរមូលបត្រនៅលើផ្សារហ៊ុនហុងកុងចាប់តាំងពីខែវិច្ឆិកា2019។
បចុច្បន្ន ក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេបង្អស់នៅក្នុងពិភពលោក គឺ Saudi Aramco។ ក្រុមហ៊ុន Saudi Aramco របស់មហាសេដ្ឋីប្រេងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានធ្វើ IPO កាលតាំងពីខែធ្នូ ឆ្នាំ2019 ហើយមកដល់ពេលនេះ Saudi Aramco មានតម្លៃទុនប្រមាណជា1.77លានលានដុល្លារអាមេរិក។
ក្លឹបក្រុមហ៊ុនដែលមានទុនលានលានដុល្លាររបស់ពិភពលោក បច្ចុប្បន្នមានសមាជិកចំនួន5 រួមមាន Aramco, Apple, Microsoft, Amazon និង Alphabet (ក្រុមហ៊ុនមេរបស់ Google)។ ចំណែក Top 10 នៃក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេក្នុងពិភពលោក ក៏មានឈ្មោះ Alibaba, Facebook, Tencent, Berkshire Hathaway និង Visa ផងដែរ។
បើទោះជា Alibaba របស់លោក Jack Ma ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនលេចធ្លោជាងគេនៅប្រទេសចិន ប៉ុន្តែ មហាសេដ្ឋី Jack Ma មិនមែនជាអ្នកមានទ្រព្យច្រើនជាងគេនៅប្រទេសនេះឡើយ។ លោក Jack Ma ឈរលំដាប់ទី2 នៅប្រទេសចិន ដោយមានទ្រព្យសរុប 52ពាន់លានដុល្លារ ដែលឈរនៅពីក្រោយម្ចាស់ក្រុមហ៊ុន Tencent លោក Ma Huateng (Pony Ma)។ មហាសេដ្ឋី Pony Ma ដែលមានទ្រព្យសរុប64.4ពាន់លានដុល្លារអាមេរិក គឺជាមហាសេដ្ឋីលំដាប់ទី18នៅក្នុងពិភពលោកផងដែរ។ យោងតាម Bloomberg ទ្រព្យរបស់លោក Jack Ma បានកើន2.7ពាន់លានដុល្លារកាលពីល្ងាចម្សិលមិញ ខណៈដែល Pony Ma កើន2.5ពាន់លានដុល្លារ៕
ប្រភព៖ SCMP