បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាមានភាពរីកចម្រើនខ្លាំង បានធ្វើឱ្យមនុស្សគ្រប់គ្នា រួមទាំងកុមារតូចផងមានប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងឧបករណ៍អេឡិចត្រូនិកដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធើណិតបាន។
លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កុមារកម្ពុជា ងាយនឹងក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត។ លោជំទាវបញ្ជាក់ថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ិនធើណិត កាន់តែមានភាពស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗ ដូចជា ការចាប់ជម្រិត ការជួញដូរមនុស្ស និងពេស្សាចាជាដើម។ លើសពីនោះ កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ បានបន្សល់នូវផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវ កុមាររងគ្រោះទាំងនោះភាគច្រើន មានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឈឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាចជាដើម។
ហេតុនេះអាណាព្យាបាលគួរបង្កើនការប្រុងប្រយ័ត្នចំពោះកូនជាទីស្រឡាញ់ក្នុងការប្រើប្រាស់ឧបរកណ៍បច្ចេកវិទ្យា ធ្វើយ៉ាងណាបញ្ចៀសពួកគេពីផលប៉ះពាល់អវិជ្ជមានដែលអាចនឹងកើតមានឡើងដោយសារតែគុណវិបត្តិរបស់វា៕