ស្ថិតក្នុងផលប៉ះពាល់នៃជំងឺ Covid-19 សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងមានកំណើនអវិជ្ជមានសម្រាប់ឆ្នាំ 2020 នេះ ក្នុងនោះកម្ពុជាក៏ត្រូវបានគេមើលឃើញថានឹងមានកំណើនអវិជ្ជមានផងដែរ។
ទោះជាយ៉ាងនេះក្តីបើមើលលើស្ថានភាពនៃការនាំចេញរបស់កម្ពុជាជាក់ស្តែង ក្នុងរយៈពេល 5ខែដើមឆ្នាំ 2020 នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថាការនាំចេញរបស់កម្ពុជានៅមានស្ថានភាពវិជ្ជមាននៅឡើយ។ ក្នុងនោះវិស័យកាត់ដេរកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយហេតុថា ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានផ្អាកការទិញសិន តែបើយើងមើលទៅទំនិញផ្សេងទៀត គឺមិនទាន់ធ្លាក់នោះទេ។ ផ្ទុយទៅវិញ ទំនិញមួយចំនួនដែលមិនមែនកាត់ដេរដូចជាកសិកម្ម កង់ និងគ្រឿងអេឡិចត្រូនិកជាដើម មានការកើនឡើងទៅវិញ។
ឯកឧត្តមថា ក្នុងរយៈពេល 5ខែដើមឆ្នាំនេះ ការនាំចេញរបស់កម្ពុជាមិនទាន់អវិជ្ជមាននោះទេ បើប្រៀបធៀបនឹងឆ្នាំមុន គឺយើងនៅមើលឃើញពីកំណើននៅឡើយ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណជាង 1,000លានដុល្លារអាមេរិក ដើម្បីទប់ទល់ជាមួយនឹងវិបត្តិដែលកើតឡើងដោយសារការរីករាលដាលនៃជំងឺ Covid-19នេះ៕