ថ្មីៗនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុងកថា ក្រសួងនឹងស្នើរទៅនាយករដ្ឋមន្ត្រីដើម្បីសុំគោលការណ៍បើកសាលារៀនសាកល្បងនៅដំណាក់កាលទី1 ក្នុងដើមខែសីហាខាងមុខនេះ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ បានពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ដោយក្នុងនោះយើងនឹងមានវិធានការចាំបាច់មួយចំនួនដើម្បីដាក់ឱ្យដំណើរការសាលារៀននៅដំណាក់កាលទី1នេះ។
ចំណុចសំខាន់ៗទាំងអស់នោះរួមមាន៖
- គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដូចជាការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទ Covid-19 ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឱ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព ការវាស់កម្តៅបុគ្គលជាប្រចាំ និងការលាងដៃជាប្រចាំជាដើម។
- គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី ការរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។
- គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។
- គ្រឹះស្ថានសិក្សាត្រូវតម្រូវឱ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគ Covid-19 សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
- គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។
- ក្រសួងអប់រំ យុវជន និងកីឡា នឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឹងម៉ាត់លើការអនុវត្តរបស់គ្រឹះស្ថានសិក្សា៕