ធនាគារអភិវឌ្ឍអាស៊ី (ADB) បានប្រកាសអនុម័តកម្ចី 250លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធគាំពារសុខភាព បង្កើនជំនួយសង្គមដល់ប្រជាជនក្រីក្រ-ងាយរងគ្រោះ និងគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា កម្ពុជាមានកំណត់ត្រានៃការគ្រប៉គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ តែ Covid-19 បានបង្កើតការគំរាមកំហែង និងធ្វើឱ្យមានការថយចុះនូវភាពរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកម្មករចំណាកស្រុកជាដើម។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសម្រាប់កម្ពុជា។
ADB បញ្ជាក់ថា កម្ពុជាជាប្រទេសងាយរងគ្រោះខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃ Covid-19 ដោយសារសេដ្ឋកិច្ចបើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាជនចល័តច្រើន។ ស្ថាប័នខាងលើរំពឹងថាសេដ្ឋកិច្ចអាចធ្លាក់ចុះក្នុងរង្វង់ -5.5% ក្នុងឆ្នាំ 2020 ដោយសារការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរតិចជាងមុន និងការថយចុះនៃសកម្មភាពសំណង់។ ហានិភ័យនៃការធ្លាក់ចុះនេះ អាចនឹងឱ្យប្រជាជនប្រមាណ 1.3លាននាក់ទៀតធ្លាក់ក្នុងភាពក្រីក្រ៕