Kanye West ដែលទើបតែបានប្រកាសថានឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ប្រជែងជាមួយលោក Trump ក្នុងឆ្នាំនេះ គឺជាតារាចម្រៀងរ៉ែប និងជាអ្នករចនាម៉ូដសម្លៀកបំពាក់កីឡា មានទ្រព្យសម្បត្តិចំនួន 1.3ពាន់លានដុល្លារអាមេរិក។
តារាចម្រៀងរ៉ែប លោក Kanye West ទើបតែបានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការប្រជែងរកសន្លឹកឆ្នោតក្នុងការបោះឆ្នោតអាណត្តិថ្មីក្នុងឆ្នាំនេះ ក្នុងនាមជាបេក្ខភាពរបស់គណបក្ស Birthday Party។ កំពូលទីប្រឹក្សាសម្រាប់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក West បច្ចុប្បន្ន នោះគឺភរិយារបស់លោក អ្នកស្រី Kim Kardashian West ដែលជាកំពូលតារាទូរទស្សន៍ និងមហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
យោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes លោក Kanye West មានទ្រព្យសម្បត្តិប្រមាណជា 1.3ពាន់លានដុល្លារអាមេរិក។ លោក West ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីមហាសេដ្ឋីកាលពីខែមេសា2020។
West ឆ្នាំនេះមានអាយុ43ឆ្នាំ ជាអ្នកដែលមានឈ្មោះល្បីថារកបានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំនេះ ដោយរកបាន170លានដុលលារ នេះបើតាមទស្សនាវដ្ដី Forbes។ ឆ្នាំ2014 Forbes បានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោក West មានត្រឹមតែប្រមាណជា30លានដុល្លារប៉ុណ្ណោះ។
ជាកំពូលតារាចម្រៀងរ៉ែបម្នាក់ ក៏ប៉ុន្តែទ្រព្យសម្បត្តិភាគច្រើនរបស់ West គឺបានមកពីផលិតផលស្បែកជើងកីឡា Yeezy ដែលត្រូវបាន Forbes វាយតម្លៃថាជា “មួយក្នុងចំណោមរឿងរ៉ាវលក់រាយដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍”។ ភាគហ៊ុនរបស់លោក West នៅក្នុងក្រុមហ៊ុនស្បែកជើង Yeezy នេះ មានតម្លៃ 1.26ពាន់លានដុល្លារ។ នេះគឺជាសែស្រឡាយផលិតផលដែល West សហការជាមួយក្រុមហ៊ុន Nike កាលពីឆ្នាំ2009 ហើយក្រោយមក លោកក៏បានសហការជាមួយក្រុមហ៊ុន Adidas ក្នុងឆ្នាំ2013។ កាលពីឆ្នាំទៅ (2019) Yeezy ត្រូវបានធនាគារ Bank of America កំណត់តម្លៃរហូតដល់ទៅ 3ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ West ក៏មានខ្ទង់ប្រាក់សុទ្ធចំនួន17លានដុល្លារ និងមូលបត្រដែលមានតម្លៃប្រហែល35លានដុល្លារផងដែរ។ ទ្រព្យសម្បត្តិដែលល្បីឈ្មោះផ្សេងទៀតរបស់លោក West រួមមានផ្ទះដែលមានតម្លៃ81លានដុល្លារ និងដី 21លានដុល្លារ។ West និងភរិយា Kim Kardashian ដែលជាតារាទូរទស្សន៍នៅសហរដ្ឋអាមេរិក មានឈ្មោះល្បីល្បាញថាមានអចលនទ្រព្យច្រើននៅទីក្រុង Los Angeles និងនៅរដ្ឋ Wyoming។
នៅក្នុងកិច្ចសម្ភាសមួយនៅលើវិទ្យុកាលពីឆ្នាំ2018 លោក West ឱ្យដឹងថា លោកចង់ក្លាយជា “អ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេបង្អស់ដែលដូចទៅនឹងលោក Howard Hughes ដែលមានឈ្មោះល្បីជាមួយយន្តហោះ និងលោក Henry Ford ល្បីឈ្មោះជាមួយនឹងរថយន្ត”។
ក៏ប៉ុន្តែ លោក West ក៏ជាតារាចម្រៀងម្នាក់ដែលសម្បូរដោយស្នាដៃ និងរកបានប្រាក់ចំណូលមិនតិចពីវិស័យនេះនោះដែរ។ Forbes បានឱ្យដឹងថា ក្រុមហ៊ុន GOOD Music និងស្នាដៃពាក់ព័ន្ធរបស់ West ត្រូវបានកំណត់តម្លៃយ៉ាងតិច 90លានដុល្លារ។ ក៏ប៉ុន្តែ ទស្សនាវដ្ដី Forbes យល់ថា West មានឯកសារតិចតួចដែលអាចផ្ទៀងផ្ទាត់ជាមួយនឹងតួលេខនេះ ហើយលោកក៏នៅមានខ្ទង់បំណុលប្រមាណជា 100លានដុល្លារផងដែរ។ ជាសរុប លោក West មានទ្រព្យប្រមាណជា 1.3ពាន់លានដុល្លារអាមេរិក។
បើទោះជាត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីមហាសេដ្ឋី ប៉ុន្តែ West នៅតែមិនទាន់ពេញចិត្តជាមួយនឹង Forbes នៅឡើយ ហើយយល់ថា ទស្សនវដ្ដីនេះបានវាយតម្លៃទាបទៅលើទ្រព្យសម្បត្តិរបស់ខ្លួន។ កាលពីខែមេសា លោក West ឱ្យដឹងថា “មិនមែន 1ពាន់លានដុល្លារនោះទេ។ តាមពិត វាគួរតែ 3.3ពាន់លានដុល្លារអាមេរិកឯណោះ”៕
ប្រភព៖ Forbes, Guardian