ការប្រើប្រាស់ប្រាក់រៀល គឺជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរ ព្រោះកាលណាប្រជាជនចាយប្រាក់រៀលច្រើន នោះមានន័យថាចំនួនប្រាក់រៀលដែលបានដាក់ឱ្យចែកចាយលើទីផ្សារចាប់មានតម្លៃល្អ។
ហេតុនេះហើយទើប កន្លងមកធនាគារជាតិនៃកម្ពុជាបានចេញវិធានការជាច្រើនដើម្បីជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល និងការកាត់បន្ថយការប្រើប្រាស់រូបិយបណ្ណបរទេសនៅក្នុងទីផ្សារកម្ពុជា។
ជាលទ្ធផល បើតាមការបញ្ជាក់របស់ឯកឧត្តម ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ2019 និងឆមាសទី1 ឆ្នាំ2020នេះ ការប្រើប្រាស់ប្រាក់រៀលចាប់ផ្តើមមានសន្ទុះល្អ ដែលវាជារឿងវិជ្ជមានមួយសម្រាប់វិស័យហិរញ្ញវត្ថុ។ ឯកឧត្តមថា ការប្រើប្រាស់ប្រាក់រៀលបានកើនឡើងដោយឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកំណើនប្រាក់រៀលចរាចរណ៍ក្នុងទីផ្សារចំនួន 36.4% និងកំណើនសមមាមាត្រឥណទានជាប្រាក់រៀលរហូតដល់ 13% នៃចំនួនឥណទានសរុប។
គួរបញ្ជាក់ផងដែរថា កន្លងមកធនាគារជាតិនៃកម្ពុជា ធ្វើការផ្សព្វផ្សាយយ៉ាងច្រើនដើម្បីជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលប្រកបដោយប្រសិទ្ធភាព និងបានចាត់វិធានការចំពោះការប្រើប្រាស់ប្រាក់ដុល្លារតូចៗនៅក្នុងទីផ្សារ ដែលធ្វើឱ្យប្រជាជនចាប់ផ្តើមងាមកកប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន៕