កន្លងមក ប្រជាជនខ្មែរយើងធ្លាប់តែឮ និងឃើំញជនបរទេសមានបណ្ណបើកបរអន្តរជាតិ ដែលអាចទទួលស្គាល់គ្រប់ទីកន្លែងលើពិភពលោក តែខែក្រោយនេះ ប្រទេសយើងក៏អាចមានបណ្ណប្រភេទនេះផងដែរដើម្បីប្រើប្រាស់នៅតាមបណ្តាប្រទេសនានា។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងខែនេះ ឬខែក្រោយកម្ពុជានឹងចេញបណ្ណបើកបរអន្តរជាតិ និងបណ្ណបើកបរសម្រាប់ជនពិការ។ ការធ្វើបែបនេះគឺដោយសារតែកន្លងមកនៅពេលយើងទៅក្រៅប្រទេសយើងមិនអាចបើកបរបានព្រោះបណ្ណបើកបររបស់យើងពីមុនទទួលស្គាល់តែនៅកម្ពុជា។ បន្តិចទៀតយើងនឹងរៀបចំឱ្យមានបណ្ណបើកបរអន្តរជាតិដែលអាចបើកបរបានគ្រប់ទីកន្លែង ព្រោះយើងក៏ជាសមាជិកនៃអង្គការសហប្រជាជាតិដែរ យើងអាចចេញបណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋ។ ប្រជាជនដែលមានបណ្ណបើកបរហើយអាចមកសុំប្តូរបណ្ណបើកបរអន្តរជាតិបណ្តោះអាសន្នបាន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា បណ្ណបើកបរអន្តរជាតិនឹងមានរៀបចំទៅតាមប្រភេទនីមួយៗដូចជាប្រភេទ A B និង C ដោយយើងមានបោះត្រាទៅតាមប្រភេទដែលស្នើរសុំរបស់សាមីខ្លួន។ ជាឧទាហរណ៍ ប្រសិនបើគាត់បើកឡានប្រភេទទេសចរណ៍ គាត់ត្រូវបោះត្រារូបឡានទេសចរណ៍តែម្តង៕