បន្ទប់ទទួលភ្ញៀវគឺជាទីកន្លែងដែលសំខាន់មួយរបស់ផ្ទះ ព្រោះក្រៅពីសមាជិកក្នុងក្រុមគ្រួសារបានប្រើពេលវេលាអង្គុយលេងជាមួយគ្នាហើយនោះ នៅបានប្រើប្រាស់សម្រាប់ទទួលភ្ញៀវ ឬមិត្តភ័ក្តិដែលមកលេងផ្ទះទៀតផង ដូច្នេះបន្ទប់ទទួលភ្ញៀវគួរតែមានភាពទាក់ទាញ ភាពគួរឱ្យចង់អង្គុយបន្ធូរអារម្មណ៍ ទើបយើងគួរផ្តល់ភាពសំខាន់លើការតុបតែងបន្ទប់ទទួលភ្ញៀវឱ្យក្លាយជាទីកន្លែងមួយដែលយើងចង់ប្រើពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបំផុត តាមវិធីតុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាត ប្លែក និងគួរឱ្យចង់អង្គុយលេងដូចខាងក្រោមនេះ។
1. ឈានឆ្ពោះទៅរកភាពប្លែកភ្នែក
សាកល្បងច្នៃម៉ូដបន្ទប់អង្គុយលេងឱ្យទាបជាងកម្រាលឥដ្ឋរបស់ផ្ទះប្រក្រតីប្រមាណជា 2 – 3 កាំជណ្តើរ ជាវិធីសាងទីកន្លែងដែលធ្វើឱ្យប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង។
2. បូកផ្សំជាមួយទីកន្លែងផ្សេងទៀត
សាកល្បងប្រើគំនិតច្នៃបង្កើត រៀបចំបន្ទប់ទទួលភ្ញៀវរួមជាមួយទីកន្លែងផ្សេងទៀតរបស់ផ្ទះ ឧទាហរណ៍ដូចជា រួមជាមួយបន្ទប់អានសៀវភៅ ជាដើម គឺជាការប្រើប្រាស់ទីកន្លែងយ៉ាងឆ្លាតវៃ និងមានឯកលក្ខណៈ ដោយការតុបតែងដែលរួមផ្សំគ្នាយ៉ាងល្អ។
3. នាំមកនូវភាពជិតស្និទ្ធ
បន្ទប់ទទួលភ្ញៀវដែលល្អត្រូវធ្វើឱ្យអ្នកដែលចូលមកអង្គុយមានអារម្មណ៍បានចែករំលែកអំឡុងពេលពិសេសនេះជាមួយគ្នា ដូច្នេះចូររៀបចំកៅអីសាឡុង ឬកៅអីសម្រាប់អង្គុយផ្សេងៗឱ្យតភ្ជាប់គ្នា ដោយវិធីងាយៗ ដូចជា ការបែរមុខកៅអីចូលមករកគ្នា ជាដើម
4. បង្អួចទាក់ទាញភាពសប្បាយអារម្មណ៍
ព្យាយាមដាក់កៅអីសាឡុងឱ្យជិតមាត់បង្អួចខ្លាំងបំផុត ដើម្បីទទួលពន្លឺធម្មជាតិដែលធ្វើឱ្យមានអារម្មណ៍ធូរស្រាល ព្រោះប្រហែលជាគ្មានអ្វីនឹងល្អជាងពន្លឺព្រះអាទិត្យដែលបបោសអង្អែលស្បែកស្រាលៗពេលអង្គុយអានសៀវភៅ ឬក្រេបកាហ្វេនោះឡើយក្រៅពីនេះ សាកល្បងប្រើគ្រឿងសង្ហារិមដែលមានពណ៌ស្រទន់ដែលស៊ីគ្នាជាមួយពន្លឺធម្មជាតិផង។
5. ទាន់សម័យដោយអំពូលភ្លើងគោម
អំពូលភ្លើងគោមក្លាយជាវត្ថុតុបតែងដើម្បីភាពស្រស់ស្អាតទាន់សម័យខ្លាំងឡើង ដែលចំណុចល្អរបស់វានោះគឺ ទាំងផ្តល់នូវភាពភ្លឺស្វាង ទាំងភាពស្រស់ថ្លាក្នុងការតុបតែង ដូច្នេះសាកល្បងតុបតែងដោយអំពូលភ្លើងគោមច្រើនម៉ូដ ច្រើនបែប ទាប ខ្ពស់ ឬវត្ថដែលជួយបង្កើនចំណាប់អារម្មណ៍ដល់បន្ទប់ទទួលភ្ញៀវបានផង។
6. ប្រើធម្មជាតិព្យាបាលអារម្មណ៍
ការតុបតែងបន្ទប់ដោយវត្ថុធម្មជាតិនឹងផ្តល់ឱ្យនូវភាពក្លាសស៊ិក និងមានស្ទីលទៀតផង ក្រៅពីនេះសម្ភារៈប្រភេទឈើនៅសាងភាពទំនើប និងធូរស្រាលអារម្មណ៍ក្នុងពេលតែមួយទៀតផង។
សាកល្បងនាំយកវិធីដែលរៀបរាប់មកខាងលើនេះទៅកែសម្រួលប្រើសាកលមើល ដើម្បីសាងនូវភាពពិសេសដល់បន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះឱ្យក្លាយជាទីកន្លែងដ៏ពេញចិត្តបំផុតមួយរបស់ទាំងសមាជិកក្នុងក្រុមគ្រួសារ និងអ្នកមកលេង៕