ភ្នំពេញ៖ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា! ធនាគារ CIMB គ្រោងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ ហើយថែមទាំងផ្តល់ធានារ៉ាប់រងជូនដល់ទៅ50,000ដុល្លារអាមេរិកដោយមិនគិតប្រាក់ទៀតផង។
តំណាងធនាគារ CIMB ឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃទី8 ខែសីហា សប្តាហ៍ក្រោយនេះ ថ្នាក់ដឹកនាំធនាគារ និងថ្នាក់ដឹកនាំក្រុមហ៊ុន Manulife Cambodia និងចុះអនុស្សរណៈយោគយល់គ្នា (MoU)មួយស្តីពីការផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះរហូតដល់ 80% ក្នុងអត្រាការប្រាក់ត្រឹមតែ 7.9% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ តំណាងធនាគារខាងលើបានមានប្រសាសន៍ដូច្នេះថា «សម្រាប់អតិថិជនដែលចង់ខ្ចីប្រាក់ទិញផ្ទះ គាត់នឹងអស់កង្វល់ហើយ នៅពេលគាត់ជួបហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតណាមួយគឺធនាគារនឹងផ្តល់ជូននូវធានារ៉ាប់រងបង់ថ្លៃទិញផ្ទះជូនរហូតដល់50,000ដុល្លារតែម្តង ដោយមិនឱ្យកូនលោកអ្នកជួបហានិភ័យត្រូវគេរឹបអូសផ្ទះ ឬលក់ឡៃឡុងផ្ទះពេលអត់ពីបង្គោលគ្រួសារនោះទេ»។
តំណាងធនាគារដដែលនិយាយថា សម្រាប់លក្ខខណ្ឌនេះ គឺផ្តល់ជូនតែប្លង់រឹងប៉ុណ្ណោះ។ គេហទំព័រកាសែតឡារ៉ែន នឹងផ្តល់ព័ត៌មានលម្អិតក្រោយពីក្រុមហ៊ុនទាំងពីរខាងលើចុះអនុស្សរណៈយោគយល់គ្នារូចរាល់នៅថ្ងៃទី08 ខែសីហាសប្តាហ៍ក្រោយនេះ៕