ទោះបីជាកញ្ញាផប រចនា ធ្លាប់ប្រកាសថា នាងមិនប្រកាន់ខ្លួនចំពោះតំណែងតួសម្ដែងខណៈនាងបានត្រឹមជាតួរងក៏ដោយ ក៏ថ្មីៗនេះបានសម្ដែងនូវអារម្មណ៍សប្បាយចិត្ដញញឹមស្ទើរបិតមាត់មិនជិតបន្ទាប់ពីទទួលបានតំណែងតួឯកស្រីក្នុងរឿង «ម្ចាស់ព្រែក»។
កញ្ញា ផប រចនា សម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងដោយនាងបញ្ជាក់ថានាងមិនធ្លាប់គិតប៉ងថាខ្លួនអាចទទួលបានឱកាសជាតួឯកស្រីទេ។ ពេលនាងចូលសិល្បៈដំបូងគ្រាន់តែរំពឹងថា ខ្លួននឹងក្លាយជាតារាមួយរូបដែលមហាជនបានស្គាល់តែប៉ុណ្ណោះ តែនៅពេលនាងទទួលបានឱកាសតួឯកបែបនេះនាងនឹងប្រឹងប្រែងសម្ដែងមិនឱ្យទស្សនិកជនខកបំណងឡើយ។
ផប រចនា បច្ចុប្បន្នទទួលបានការសម្ដែងជាង10រឿង ទស្សនិកជនស្គាល់នាងច្រើនតាមរយៈការសម្ដែងរឿង «ភ្លើងស្នេហ៍ភ្លើងឫស្សា» ដែលនាងសម្ដែងជាតួអង្គមនោសញ្ចេតនា មានចរឹកស្លូត។បើទោះជានាងពុំបានសម្ដែងជាតួឯកស្រីក៏ពិតមែន ប៉ុន្ដែពេលនោះកេរ្ដិ៍របស់នាងក៏បានហក់ឡើងត្រដមត្រសងទៅនឹងតួឯកស្រីដែរ។
ទោះជាយ៉ាងណាងកញ្ញា ផប រចនាបានសម្ដែងនូវក្ដីសង្ឃឹមជាមួយរឿងចំនួនពីរចុងក្រោយដែលនាងទើបតែទទួលបានគឺរឿង «បី្ដម៉ែទេកូន» និងរឿង «ម្ចាស់ព្រែក» ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គកាចឆ្នាស់ ដែលស៊ីទៅនឹងចរឹតពិតរបស់នាងនៅក្រៅឆាក។ទោះជាយ៉ាងណានាងបញ្ជាក់ថា អ្នកដឹកនាំក៏ដូចជាម្ចាស់ផលិតកម្មចង់ឱ្យនាងសម្ដែងជាតួអង្គមានចរឹតស្លូតជាតួឆ្នាស់ ព្រោះនាងកំពុងតែទទួលបានការគាំទ្រពីមហាជននូវការសម្ដែងបែបសុភាព ស្លូតបូត។
អ្វីធ្វើឱ្យនាងសប្បាយចិត្ដជាមួយរឿងថ្មីត្រូវបានតារាសម្ដែងវ័យ19ឆ្នាំរូបនេះ បញ្ជាក់ថា៖« ការទទួលបានតំណែងតួ ឯកស្រីជាផ្នែកមួយ ប៉ុន្ដែអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ដខ្លាំងព្រោះខ្ញុំបានផ្លាស់ប្ដូរបទពិសោធន៍នៃការសម្ដែង ហើយខ្ញុំជឿថាការសម្ដែងជាតួអង្គកាចឆ្នាស់ នឹងមិនចាញ់ការសម្ដែងតួស្លូតឡើយព្រោះខ្ញុំនឹងប្រឹងប្រែងសម្ដែងឱ្យអស់ពីសមត្ថភាពដូចគ្នា»៕