នេះជាគន្លឹះទាំង 7យ៉ាងក្នុងថែរក្សាសុខភាព និងសម្រស់របស់បុរសៗ ដែលគិតថាខ្លួនមិនសូវសង្ហា ហើយចង់បានភាពស្រស់សង្ហាក្នុងការទាក់ទាញសុភាពនារីទាំងឡាយ។ សព្វថ្ងៃនេះបុរសភាគច្រើនបានបែរមកចាប់អារម្មណ៍ថែរក្សារូបសម្រស់របស់ខ្លួនច្រើនជាងមុន បើទោះបីជារឿងទាំងនេះ អាចធ្វើឱ្យមានការយល់ច្រឡំ ឬមិនមែនជាវិធីដែលល្អបំផុតសម្រាប់អ្នកក៏ដោយ ហើយថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន ចង់ឱ្យសុភាពបុរសទាំងអស់មើលទៅមានភាពស្រស់សង្ហា ហើយទាក់ទាញបំផុត។ ដូច្នេះយើងសូមបង្ហើបប្រាប់ពីគន្លឹះទាំងអស់នេះ ដើម្បីឱ្យអ្នកបានយក
ទៅអនុវត្តទាំងអស់គ្នា។
1/ កោរពុកមាត់ក្នុងអំឡុងពេលងូតទឹក ឬក្រោយពេលងូតទឹករួច
អ្នកគួរតែងូតទឹកមុនកោរពុកចង្ការ ដោយទឹកក្ដៅឧណ្ហៗ ដើម្បីឱ្យរន្ធរោមនៅលើផ្ទៃមុខរបស់អ្នកបើក ជួយឱ្យរោមពុកមាត់ទន់ងាយស្រួលក្នុងការកោរ និងដើម្បីការពារស្បែកមុខរបស់អ្នកមិនឱ្យរងរបួសដែលបណ្ដាលមកពីការកោរពុកមាត់ជាដើម។ លទ្ធផលដែលទទួលបាននៃការកោរពុកមាត់ក្នុងអំឡុងពេលងូតទឹក ឬក្រោយពេលងូតទឹករួចគឺ ងាយស្រួលកោរ និងជួយកាត់បន្ថយភាពគ្រោះថ្នាក់ដោយការកោរដាច់រលាត់ស្បែក ឬបណ្ដាលឱ្យមានស្នាមពណ៌ក្រហមពីរន្ធរោម បន្ទាប់មកអ្នកគួរតែទៅលាងស្បែកមុខជាមួយទឹកត្រជាក់វិញ ដើម្បីបិទរន្ធរោម ព្រមទាំងប្រើប្រាស់ក្រែមលាបប្រភេទ After Shave រាល់ពេលកោរ និងក្រោយពេលលាងមុខរួច។
2/ ប្រើថង់តែមកស្អំរង្វង់ភ្នែកខ្មៅ
ថង់តែ ឬ Tea Box ដែលអ្នកបានឆុងទទួលទានជារាល់ថ្ងៃនោះ នៅមានប្រយោជន៍បន្ថែមទៀតគឺ ជួយបំបាត់ស្នាមជ្រួញ និង ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែកបានយ៉ាងប្រសើរបំផុត ដោយសារតែវាមានគុណសម្បត្តិធ្វើឱ្យសរសៃឈាមច្របាច់ជាមួយស្បែកក្រោមភ្នែកឱ្យមើលទៅតឹងណែនឡើងជាងមុន។ ក្រោយពីបានឆុងថង់តែទទួលទានរួចហើយ អ្នកត្រូវទុកវាចោលមួយអន្លើឱ្យត្រជាក់សិន ក្រោយពីនោះទើបយកមកស្អំលើរង្វង់ភ្នែកថ្នមៗ ប្រមាណជា 5ទៅ15នាទី ធានាថានឹងមានផលជាទីគាប់ចិត្តពីថង់តែដែលអ្នកធ្លាប់តែបោះចោលរាល់ដងនោះ។
3/ ហាមប្រើថ្នាំដុសធ្មេញលាបបំបាត់ស្នាម
ខ្មៅលើផ្ទៃមុខជំនឿដែលធ្លាប់ជឿថា ថ្នាំដុសធ្មេញមានគុណសម្បត្តិជួយបំបាត់ស្នាមអុចខ្មៅដែលមាននៅលើស្បែកមុខនោះជាការជឿខុសទាំងស្រុង ហើយកាន់តែយ៉ាប់ជាងនេះទៅទៀតនោះគឺសារធាតុផ្សំខ្លះៗដែលនៅក្នុងថ្នាំដុសធ្មេញបានក្លាយជាមូលហេតុធ្វើឱ្យកើតមានអាការរោគផ្សេងៗ និងរលាក ធ្វើឱ្យមានស្នាមក្រហមនៅលើស្បែកមុខទៅវិញទេ យកល្អអ្នកគួរតែរកថ្នាំ ឬក្រែមលាបមុខណាដែលប្រើប្រាស់សម្រាប់បំបាត់ស្នាមខ្មៅនៅលើផ្ទៃមុខវិញប្រសើរជាង ជាពិសេសអ្នកអាចទៅជួបគ្រូពេទ្យស្បែក ដើម្បីពិនិត្យស្បែកមុខរបស់អ្នកជាមុនសិន សឹមសម្រេចជ្រើសរើសប្រភេទក្រែមលាបមុខដែលត្រូវជាមួយស្បែកមុខរបស់អ្នក។
4/ លាបក្រែមការពារកម្ដៅថ្ងៃគ្រប់ពេល
កំលោះៗជាច្រើនរមែងតែងគិតថា មិនចាំបាច់ត្រូវលាបក្រែមការពារកម្ដៅថ្ងៃឱ្យស្អិតខ្លួនរាល់ថ្ងៃពេកនោះទេ នៅថ្ងៃណាដែលមិនមានកម្ដៅថ្ងៃ ក៏មិនចាំបាច់អីត្រូវតែលាបឡេការពារដែរ ព្រោះតែបែបនេះហើយបានជាក្លាយជាការយល់ខុសចំពោះការលាបក្រែមការពារកម្ដៅជាខ្លាំង ព្រោះតាមធាតុពិត បើសិនជាមិនមានកម្តៅថ្ងៃក៏ដោយ ក៏ត្រូវតែលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំដែរ ដើម្បីការពារស្បែករបស់អ្នកពីកម្ដៅដែលភាយចេញពីអំពូលភ្លើងនៅក្នុងអគារ នៅក្នុងផ្ទះ ឬនៅក្នុងហាងជាដើម មិនមែនត្រឹមតែកម្ដៅថ្ងៃនោះទេ យ៉ាងហោចណាស់ក៏ត្រូវលាបក្រែមការពារកម្ដៅថ្ងៃដែលមាន SPF30 ឱ្យបាន 2ដងក្នុងមួយថ្ងៃដែរ។
5/ គួរប្រើក្រែមលាបបំប៉នសក់
ជារឿងពិតមួយដែលគួរឱ្យព្រួយបារម្ភចំពោះអ្នកដែលស្រឡាញ់សក់តែម្ដង ដែលបុរសមួយចំនួនមានសក់មិនស្រស់ស្អាត សក់រឹង សក់ខូចដោយសារលាបថ្នាំសក់ និងមានសក់ស្អិតជាដើម។ វិធីកែបញ្ហាទាំងនេះដែលល្អបំផុតនោះគឺ ប្រើប្រាស់ក្រែមលាបបំប៉នសរសៃសក់ ទោះច្រើន ឬតិចក៏ដោយ ឬមួយក៏ធ្វើ Treatment លើស្បែកក្បាល និងសរសៃសក់ ដើម្បីសក់មានសភាពល្អក្នុងកម្រិតមួយដែលអាចទៅបាន។
6/ ក្រែមលាបបំបាត់ខ្លាញ់លើផ្ទៃមុខ
ស្ដាប់មើលទៅហាក់បីដូចជាមិនមានអារម្មណ៍ចង់ដឹងបន្ដិចសោះ តែតាមធាតុពិតបុរសដែលមានស្បែកមុខខ្លាញ់ច្រើន ចាំបាច់ត្រូវលាបក្រែមដែលមានធាតុផ្សំពី Moisturizer ទើបល្អ បើគ្រាន់តែជ្រើសរើសផលិតផលដែលមានតែការបំបាត់ជាតិខ្លាញ់លើស្បែកមុខនោះមិនគ្រប់គ្រាន់ទេ ព្រោះនៅពេលអ្នកកាន់តែប្រើប្រាស់វា វាកាន់តែធ្វើឱ្យផ្ទៃមុខរបស់អ្នកមានជាតិខ្លាញ់ទៅវិញទេ ព្រោះថា សារធាតុ Moisturizer និងជួយថែរក្សាស្បែកមុខឱ្យស្រស់ថ្លា និងស្រស់ស្រាយក្នុងរយៈពេលយូរ។
7/ គ្រាន់តែលាងមុខនឹងសាប៊ូ ឬហ្វូម មិន
មែនជាចម្លើយដែលល្អបំផុតទេបុរសជាច្រើនបានគិតថា សាប៊ូ ឬហ្វូមទូទៅ គ្រាន់តែប្រើក្នុងការលាងមុខគឺបានដូចគ្នា ក៏ប៉ុន្ដែនេះមិនមែនជាការគិតដ៏ល្អនោះទេ ព្រោះសារធាតុផ្សំមួយចំនួននៅក្នុងសាប៊ូ គឺស័ក្តិសមជាមួយនឹងស្បែកនៅលើរាងកាយរបស់អ្នកច្រើនជាង ចំណែកស្បែកមុខរបស់អ្នកវិញគឺស្ដើងជាងស្បែកដងខ្លួន ដូច្នេះវាធ្វើឱ្យស្បែកមុខរបស់អ្នកស្ងួត និងមានបញ្ហានៅលើស្បែកមុខក៏មាន។
ដូច្នេះហើយបានជាអ្នកគួរតែជ្រើសរើសផលិតផលសម្អាតស្បែកមុខសម្រាប់បុរស ដែលស័ក្ដិសមជាមួយនឹងស្បែកមុខរបស់អ្នកប្រសើរជាង៕