បច្ចុប្បន្នយើងសង្កេតឃើញថា មានបងប្អូនពលរដ្ឋកម្ពុជាមួយចំនួន បានធ្លាក់ក្នុងល្បិចកលឧក្រិដ្ឋជន ដោយបានចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ដែលទទួលបានពីអំពើល្មើសច្បាប់ផ្សេង។ ឧទាហរណ៍ដូចជា លុយដែលបានពីការលួចចូលប្រព័ន្ធធនាគារ លុយបានមកពីអំពើលួចចូលគណនីអ៊ីមែល បញ្ឆោតផ្ទេរប្រាក់ ការលួចទិន្នន័យ និងដាក់លក់លើទីផ្សារងងឹត ឬជាលុយបានពីប្រភពខុសច្បាប់ផ្សេងៗទៀត។ បន្ទាប់ពីទទួលបានលុយកង្វក់ទាំងនោះ ឧក្រិដ្ឋជនរមែងប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីបង្វែរលុយទាំងនោះមកប្រើប្រាស់ ឬបញ្ចូលទៅកាន់ប្រព័ន្ធធនាគារស្របច្បាប់។
ថ្ងៃនេះ ក្រុមការងារ(នាយកដ្ឋានព័ត៌មានវិទ្យា) នឹងធ្វើការបកស្រាយអំពី “Money Mule” ជាបច្ចេកទេសមួយ ក្នុងចំណោមបច្ចេកទេសជាច្រើន ដែលប្រើប្រាស់ដោយឧក្រិដ្ឋជន។
“Money Mule” គឺបុគ្គលកណ្តាល ដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនក្នុងការចូលរួមប្រតិបត្តិការផ្ទេរប្រាក់ដែលបានពីអំពើល្មើសច្បាប់ ជាថ្នូរនឹងប្រាក់កម្រៃជើងសា(ភាគរយ) និងមានដំណើរការ ដោយសង្ខេបដូចខាងក្រោម៖
1- ឧក្រិដ្ឋជនធ្វើការទាក់ទងបុគ្គលដែលជាគោលដៅ “Money Mule” តាមរយ:កម្មវិធីបណ្តាញទំនាក់ទំនងសង្គម អ៊ីមែល កម្មវិធីសារអេឡិចត្រូនិក ឬគេហទំព័រស្វែងរកការងារ ដោយសន្យាផ្តល់ការងារក្រៅម៉ោង ឬការផ្តល់កាដូ ឬការលួងលោមមនោសញ្ចេតនា (online dating ឬ romantic scam)។
2- ឧក្រិដ្ឋជនណែនាំបុគ្គលដែលជា “Money Mule” ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់គណនីធនាគារដែលមានស្រាប់ ដោយប្រើប្រាស់អត្តសញ្ញាណផ្ទាល់របស់ “Money Mule”។
3- ឧក្រិដ្ឋជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់ “Money Mule” និងណែនាំឱ្យធ្វើការផ្ទេរប្រាក់មួយចំនួនបន្ត ដោយប្រើប្រាស់ហេតុផលផ្សេង។ មានករណីមួយចំនួនឧក្រិដ្ឋជនបញ្ជា “Money Mule” ធ្វើការដកសាច់ប្រាក់ និងបញ្ជូនប្រាក់ទាំងនោះទៅឱ្យពួកគេដោយផ្ទាល់តែម្តង។
4- បន្ទាប់ពីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបណ្តឹងពីជនរងគ្រោះ (ម្ចាស់ប្រាក់) ធនាគារនឹងធ្វើការសហការជាមួយមន្ត្រីអនុវត្តច្បាប់ដើម្បីចាត់វិធានការ ចំណែកបុគ្គលដែលជា “Money Mule” នឹងត្រូវបានកោះហៅឱ្យចូលខ្លួនដោះស្រាយ ឬធ្វើការសងប្រាក់ទាំងនោះឱ្យទៅជនរងគ្រោះវិញ និងពេលខ្លះ “Money Mule” អាចនឹងត្រូវរងការចាត់វិធានការផ្លូវច្បាប់ទៀតផងដែរ។
ដូច្នេះដើម្បីកុំឱ្យធ្លាក់ខ្លួនក្លាយជា (Money Mule) ត្រូវអនុវត្តចំណុចមួយចំនួនដូចខាងក្រោម៖
-មិនត្រូវផ្តល់ព័ត៌មានហិរញ្ញវត្ថុរបស់អ្នក ទៅបុគ្គលដែលលោកអ្នកពុំស្គាល់ ឬទើបតែស្គាល់តាមអ៊ិនធើណិតឡើយ។
-ចៀសវាងទទួលការងារ ដែលតម្រូវឱ្យអ្នកប្រើប្រាស់គណនីធនាគារខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយហេតុផលផ្សេង៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា