ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាក្រសួងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាអាចប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សាចំនួន2ថ្ងៃ។
ក្រសួងបញ្ជាក់ថា សញ្ញាបត្រដែលចេញដោយសាលាឯកជនទាំងអស់នោះត្រូវមានការទទួលស្គាល់ពីក្រសួង តែគ្រឹះស្ថានសិក្សាត្រូវចុះហត្ថលេខាដោយខ្លួនឯង។ ក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានាពីគុណភាពសញ្ញាបត្រ។
ដោយសារតែលក្ខណៈបច្ចេកទេស គ្រឹះស្ថានសិក្សាឯកជនមិនអាចរៀបចំការប្រឡង Online បាន ក្រសួងអប់រំបានដាក់ចេញគោលការណ៍មួយចំនួនសម្រាប់ឱ្យគ្រឹះស្ថានសិក្សាឯកជនអនុវត្តនៅពេលរៀបចំការប្រឡងសញ្ញាបត្រនៅគ្រឹះស្ថានរៀងៗខ្លួនចំនួន2ថ្ងៃដូចខាងក្រោម៖
1.ក្រសួងនឹងកែលម្អលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការប្រឡង ដោយរក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានសិក្សាឯកជនជាអ្នកចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់ និងធ្វើដោយអធិការកិច្ចប្រសិនបើចាំបាច់។
2.គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកក្រសួងអប់រំ ដើម្បីពិនិត្យ និងទទួលស្គាល់។
3. គ្រឹះស្ថានសិក្សាឯកជនត្រូវរៀបចំបន្ទប់ប្រឡងចំណុះ 10 ទៅ15នាក់ ក្នុងមួយបន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO៕