សាលារាជធានីភ្នំពេញនៅមុននេះបន្តិចបានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានលេខ 05 ប្រភព ចុះថ្ងៃទី03 ខែកក្កដា ឆ្នាំ2020 របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។
ទោះជាយ៉ាងនេះក្តីអាជ្ញាធរតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងគោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 និងវិធានសុវត្តិភាពរបស់ក្រសួងទេសចរណ៍៕