ជាលើកដំបូងហើយរាប់ចាប់ពី COVID-19 បានបង្ហាញខ្លួន តម្លៃទុនរបស់ក្រុមហ៊ុន Apple, Microsoft, Amazon និង Alphabet បានកើនលើសពី1លានលានដុល្លារអាមេរិក។
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google គឺជាឈ្មោះថ្មីដែលទើបតែបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃទុនលានលានដុល្លារសាជាថ្មីម្ដងទៀត នៅពេលបិទការជួញដូរមូលបត្រកាលពីថ្ងៃទី6កក្កដា ជាមួយនឹងទុនសរុបឡើងដល់ 1.02លានលានដុល្លារអាមេរិក។ ចំណែក Apple ត្រូវបានកំណត់តម្លៃ 1.64លានលានដុល្លារ ខណៈ Microsoft មានតម្លៃទុនសរុប 1.61លានលានដុល្លារ និង Amazon បញ្ចប់ការជួញដូរក្នុងថ្ងៃដដែលជាមួយនឹងតម្លៃទុន 1.52លានលានដុល្លារអាមេរិក។
មូលបត្រ Amazon កាលពីម្សិលមិញ (6កក្កដា) ក៏បានបង្កើតកំណត់ត្រាថ្មីនៅពេលដែលតម្លៃមូលបត្រនេះបានកើនដល់3,000ដុល្លារក្នុងមួយហ៊ុន។ មូលបត្រ Amazon ក៏ជាកម្លាំងរុញច្រានដ៏ខ្លាំងក្លាសម្រាប់សន្ទស្សន៍ S&P 500 និង Nasdaq កាលពីម្សិលមិញ។
នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន4របស់សហរដ្ឋអាមេរិក មានតម្លៃទុនឡើងដល់លានលានដុល្លារព្រមៗគ្នាបែបនេះរាប់ចាប់ពីចុងខែមករា2020 មុនពេលដែល COVID-19 វាយលុកពិភពលោក។ ប្រការនេះបានបង្ហាញអំពីក្ដីសង្ឃឹមរបស់វិស័យបច្ចេកវិទ្យានៅក្នុងស្ថានភាពមានអាសន្នរោគ វិបត្តិសេដ្ឋកិច្ច និងវិបត្តិគ្មានការងារធ្វើ ដែលរាលដាលនៅពាសពេញពិភពលោក។
តម្លៃមូលបត្រក្នុងវិស័យបច្ចេកវិទ្យា បានអូសទាញកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទីផ្សារនាបច្ចុប្បន្ន ក្រោយពីបានធ្លាក់ដល់បាតកាលពីខែមីនាកន្លងទៅ។ ក្រុមអ្នកវិនិយោគកំពុងតែមានក្ដីសង្ឃឹមខ្ពស់ទៅលើកំណើននៃចំណូល និងចំណេញដែលមានកម្រិតខ្ពស់របស់វិស័យបច្ចេកវិទ្យានេះ បើទោះជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែដំណើរការយ៉ាងត្រដាបត្រដួសដោយសារCOVID-19។
ចំណែកតម្លៃមូលបត្ររបស់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត ដូចជា ក្រុមហ៊ុន Netflix, Tesla, Square, PayPal, Nvidia និង Adobe ជាដើម ក៏សុទ្ធតែបង្កើតបានកំណត់ត្រាថ្មីកាលពីម្សិលមិញ។ ប្រភេទមូលបត្រដែលទទួលបានប្រយោជន៍ច្រើនពីបម្រាមគោចរ ដូចជា Zoom Video, Peloton, Lowe’s, Clorox និង Teladoc ក៏បានឡើងថ្លៃកាលពីថ្ងៃទី6កក្កដាផងដែរ។
ជារួម ផ្សារមូលបត្រនៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ បានកើនតម្លៃខ្ពស់គួរឱ្យត្រេកអរ។ សន្ទស្សន៍ DJIA កើន 1.78% ខណៈ S&P 500 និង Nasdaq Composite កើន 1.6% និង 2.2%។ Nasdaq បង្កើតកំណត់ត្រាថ្មីជាមួយនឹង 10,433ពិន្ទុ រីឯ S&P 50 បានកើនជាង 40% រាប់ចាប់ពីខែមីនា2020៕
ប្រភព៖ CNN, CNBC