ការទិញទ្រព្យរបស់ក្រុមហ៊ុនថាមពល Dominion Energy គឺជាជំនួញធំដំបូងរបស់ Berkshire រាប់ចាប់ពីសហរដ្ឋអាមេរិកបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារ COVID-19។
Berkshire Hathaway ដែលជាក្រុមហ៊ុនវិនិយោគរបស់មហាសេដ្ឋី Warren Buffett កាលពីថ្ងៃទី 5កក្កដា បានប្រកាសឱ្យដឹងអំពីជំនួញដ៏ធំមួយរបស់ខ្លួន នោះគឺជាការទិញយកផ្នែករក្សាទុកនិងដឹកជញ្ជូនឧស្ម័នធម្មជាតិពីក្រុមហ៊ុន Dominion Energy។ Berkshire នឹងចំណាយសាច់ប្រាក់សុទ្ធចំនួន4ពាន់លានដុល្លារ និងត្រូវទទួលខុសត្រូវទៅលើបំណុល5.7ពាន់លានដុល្លាររបស់ Dominion Energy។ តម្លៃសរុបនៃជំនួញមួយនេះគឺជិតស្មើនឹង10ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Berkshire Hathaway បានយល់ព្រមការពារផលប្រយោជន៍របស់ក្រុមបុគ្គលិកដែលកំពុងធ្វើការនៅក្នុងផ្នែកដែលត្រូវបាន Dominion លក់មកឱ្យខ្លួន។ បច្ចុប្បន្ន ជំនួញនេះកំពុងរង់ចាំរដ្ឋាភិបាលអនុញ្ញាតតែប៉ុណ្ណោះ។ តាមគម្រោង ជំនួញនេះនឹងចប់សព្វគ្រប់នៅក្នុងត្រីមាសទី4 ឆ្នាំ2020។
កាលពីខែឧសភាកន្លងទៅ មហាសេដ្ឋី Warren Buffett បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានសាច់ប្រាក់សុទ្ធចំនួន137ពាន់លានដុល្លារ ប៉ុន្តែ “មិនទាន់បានយកមកធ្វើអ្វីនៅឡើយ ព្រោះមិនឃើញមានអ្វីគួរឱ្យចាប់អារម្មណ៍”។ ដូច្នេះ នេះគឺជាជំនួញធំដំបូងរបស់ Berkshire រាប់ចាប់ពីសហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយសារវីរុសCOVID-19។
ចំណែកខាងក្រុមហ៊ុន Dominion Energy វិញ នេះគឺជាជំនួញមួយក្នុងចំណោមសកម្មភាពដែលមានគោលដៅបំបែកខ្លួនចេញពីផ្នែកដឹកជញ្ជូនឧស្ម័នដើម្បីផ្ដោតទាំងស្រុងទៅលើផ្នែកផលិតប្រេងឥន្ធនៈស្អាត។ ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្ដាលនៅ Virginia សហរដ្ឋអាមេរិក និងជាក្រុមហ៊ុនដឹកជញ្ជូន និងផលិតប្រេងឥន្ធនៈធំមួយនៅប្រទេសនេះផងដែរ។ បច្ចុប្បន្ន Dominion Energy ផ្គត់ផ្គង់អគ្គិសនី និងឥន្ធនៈទៅឱ្យអតិថិជនប្រមាណជា7លាននៅក្នុងរដ្ឋចំនួន20នៃសហរដ្ឋអាមេរិក។
ជំនួញខាងលើនេះនឹងជួយឱ្យ Berkshire ពង្រីកវិសាលភាពផ្នែកថាមពលរបស់ខ្លួនដែលមានស្រាប់នាបច្ចុប្បន្ន ដោយបន្ថែមបំពង់បង្ហូរប្រេងប្រវែង12,400គីឡូម៉ែត្រ ព្រមទាំងការស្តុកឧស្ម័នធម្មជាតិផងដែរ។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett បច្ចុប្បន្នផ្ដល់សេវាកម្មផ្នែកឥន្ធនៈទៅលើអតិថិជនជាង12លាននៅទូទាំងពិភពលោក៕
ប្រភព៖ CNN