នៅលើទំព័រ Twitter មហាសេដ្ឋី Elon Musk បាន “ពពាយនាយ” លក់ខោខ្លីដែលមានភ្ជាប់យីហោ Tesla ក្នុងតម្លៃ 69.420ដុល្លារអាមេរិកសម្រាប់មួយគូ។ ភ្លាមនោះ ទំនិញនេះក៏បានលក់ដាច់ស្ទើរមិនគួរឱ្យជឿ។
កាលពីថ្ងៃទី5កក្កដា លោក Musk បានប្រកាសនៅលើ Twitter យ៉ាងខ្លីថា “ខោខ្លីចំនួនមានកំណត់ បានមកដល់ហើយ”។ ខាងក្រោមសារនេះគឺជាតំណភ្ជាប់ (link) ទៅកាន់ហាងអនឡានរបស់ Tesla។ មុននេះ CEO របស់ក្រុមហ៊ុនរថយន្ត Tesla ក៏ធ្លាប់បានសន្យាថានឹងផលិតខោខ្លី “short short” ដើម្បីអបអរព្រឹត្តិការណ៍ដែល Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃជាងគេបង្អស់ក្នុងពិភពលោក។ សាររបស់លោក Musk បានទាក់ទាញអ្នកចុចចូលចិត្តជាង7ម៉ឺនលើក មតិជាង5ពាន់លើក និងការចែករំលែកបន្តជាង1ម៉ឺនលើក។
ប៉ុន្មាននាទីក្រោយមក មហាសេដ្ឋីដើមកំណើតអាហ្វ្រិករូបនេះក៏បានប្រកាសថា ខោខ្លីមួយគូនេះមានតម្លៃ “ត្រឹមតែ 69.420ដុល្លារប៉ុណ្ណោះ”។ លេខ3ខ្ទង់ខាងក្រោយគឺសំដៅទៅលើតម្លៃមូលបត្រមួយហ៊ុនរបស់ Tesla នៅពេលធ្វើឯកជនភាវូបនីយកម្មកាលពីឆ្នាំ2018។
ម៉ូដែលខោខ្លីរបស់ Tesla ក៏បាន “លក់ដាច់” ព្រោះតែចំនួនអ្នកបញ្ជាទិញចេះតែកើនឡើង។ បន្ទាប់មក លោក Musk ក៏បានប្រកាសបិទទ្វារហាងអនឡានជាបណ្ដោះអាសន្ន ដោយសារតែចាត់ចែងទំនិញមិនទាន់ពេល។
នៅខាងក្រោមសាររបស់លោក Elon Musk គេឃើញមានអ្នកលេង Twitter ជាច្រើនបង្អួតរូបថតអេក្រង់ដែលបង្ហាញអំពីការបញ្ជាទិញបានសម្រេច។ អ្នកខ្លះបង្ហាញការសោកស្ដាយព្រោះតែបញ្ជាទិញមិនទាន់ពេល។ គណនី SSoodGrirl បានសរសេរថា “ខ្ញុំមិនអាចរង់ចាំបានដើម្បីមើលកូនប្រុសរបស់ខ្ញុំថា តើគេមានរូបរាងបែបណានៅពេលស្លៀកខោនេះ”។
ក៏ប៉ុន្តែ យ៉ាងណាក៏ដោយក៏នៅមានមនុស្សមួយចំនួនបានបង្ហាញការមិនពេញចិត្តជាមួយនឹង “ផលិតផលថ្មី” របស់លោក Musk។ អ្នកលេងម្នាក់សរសេរថា “ពិតជាហួសហេតុពេកហើយ ជិត70ដុល្លារសម្រាប់ខោខ្លីមួយគូ។ លោកប្រុងស្លៀកវាឡើងទៅកាន់ពិភពព្រះអង្គារមែនទេ លោក Musk?”។ Sam Altman ដែលជាអ្នកជំនួញល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិក បានបញ្ចេញមតិថា “ពិតជាអស្ចារ្យមែន។ Elon Musk ពិតជា CEO តែម្នាក់គត់ដែលអាចធ្វើបានបែបនេះ”។
ខោខ្លី Tesla នេះ មានពណ៌ក្រហម ហើយផ្នែកខាងមុខមានឡូហ្គូ Tesla និងផ្នែកខាងក្រោយមានអក្សរ S3XY ពណ៌លឿង ដែលនេះគឺជាអក្សរដែលត្រូវបានដាក់ទៅតាមឈ្មោះរបស់ម៉ូដែលរថយន្តអគ្គិសនីនៃក្រុមហ៊ុននេះ។
ប្រការខាងលើក៏បានបង្កការចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គមចិនផងដែរ។ នៅលើទំព័រ Weibo ប្រធានបទនេះមានអ្នកចាប់អារម្មណ៍ដល់ទៅជាង2លានលើក ជាមួយនឹងមតិរាប់រយលើក។ ភាគច្រើនអ្នកលេងបណ្ដាញសង្គម Weibo សម្ដែងការពេញចិត្តនឹងប្រធានបទនេះ។
“ខ្ញុំគិតថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមិនមែននៅលើការរចនា ឬវត្ថុធាតុនោះឡើយ។ ចំណុចពិសេសរបស់វាគឺកំណែមានកំណត់។ ការស្លៀកខោខ្លីមួយដែលមានឡូហ្គូរបស់ Tesla និងអង្គុយនៅលើរថយន្តអគ្គិសនីរបស់ Musk ក៏ជារឿងដែលគួរឱ្យចង់សាកល្បងដែរតើ។ គួរឱ្យស្ដាយ ខ្ញុំមិនអាចបញ្ជាទិញបាន។ តម្លៃ 69.420ដុល្លារ នៅតែធូរថ្លៃជាងច្រើនបើធៀបនឹងផលិតផលរបស់យីហោសម្លៀកបំពាក់ប្រណិត” អ្នកលេង Yantianxia បញ្ចេញមតិដូច្នេះ។
កម្លាំងនៃកំណើនដ៏អស្ចារ្យរបស់ Tesla នៅក្នុងឆ្នាំ2020នេះ បានជួយឱ្យក្រុមហ៊ុនរបស់លោក Elon Musk ក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតក្នុងពិភពលោក ដោយបានលោតរំលង Toyota របស់ជប៉ុន ជាមួយនឹងការកំណត់តម្លៃឡើងដល់ 205ពាន់លានដុល្លារ។ កាលពី10ឆ្នាំមុន នៅពេលដែលទើបតែចូលផ្សារហ៊ុន (IPO) ដំបូង មូលបត្រ Tesla កាលណោះមានតម្លៃត្រឹមតែ 17ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន។ បច្ចុប្បន្ន មូលបត្រនេះមានតម្លៃឡើងដល់ 1,100ដុល្លារក្នុងមួយហ៊ុន៕
ប្រភព៖ សារព័ត៌មានបរទេស