បច្ចុប្បន្ននេះ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យការហូរចូលនៃទំនិញពីបរទេសជាពិសេសផ្នែកកសិកម្មមានការថយចុះ ដែលធ្វើឱ្យអ្នកផលិតកសិផលនៅក្នុងស្រុកចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះរបរចិញ្ចឹមកង្កែបឯណោះវិញ ក៏ចាប់ផ្តើមមានទីផ្សារល្អផងដែរនៅឆ្នាំ 2020នេះ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា មិនថាតែកសិករតាមបណ្តាខេត្តទេដែលបានខិតខំប្រឹងប្រែងចិញ្ចឹមកង្កែប សូម្បីតែកសិករក្នុងរាជធានីភ្នំពេញ ក៏កំពុងចាប់អារម្មណ៍ និងបង្កើនសមត្ថភាពផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ។
កសិករចិញ្ចឹមកង្កែបមូយរូប គឺលោក ម៉ម យ៉ន បច្ចុប្បន្ននេះកំពុងញាប់ដៃញាប់ជើងបង្កើនសមត្ថភាពចិញ្ចឹមកង្កែបដើម្បីផ្គត់ផ្គង់ទីផ្សារ និងបង្កើនចំណូល។ កសិករខាងលើរស់នៅភូមិស្វាយតាយ៉ន់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយគាត់មានអាងចិញ្ចឹមកង្កែបសរុបចំនួន 63អាង។ អាងកង្កែបនីមួយៗមានទំហំទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ។ លោកថាក្នុងអាងនីមួយៗអាចដាក់ចិញ្ចឹមមេពូជបានសរុប 200ក្បាល ដែលអាចរកចំណូលសរុបចំនួន 50,000,000រៀលក្នុងមួយឆ្នាំ។
លោក ម៉ម យ៉ន មានសមត្ថភាពភ្ញាស់កូនកង្កែបចំនួន 20,000 ទៅ 30,000ក្បាលក្នុងមួយឆ្នាំ និងអាចលក់បានប្រមាណ 15,000,000រៀលក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ លោកបានចិញ្ចឹមកង្កែបយកសាច់លក់បានប្រមាណ 3.5តោនក្នុងមួយឆ្នាំ ដែលគិតជាទឹកប្រាក់បានប្រមាណ 35,000,000រៀល។ បើបូកសរុបទាំងថ្លៃលក់កូនកង្កែបដែលភ្ញាស់បាន និងលក់សាច់កង្កែប ក្នុងមួយឆ្នាំលោកអាចរកចំណូលសរុបបានប្រហែល 50,000,000រៀលក្នុងមួយឆ្នាំ។
ចំពោះចំណាយវិញ ក្នុងមួយឆ្នាំកសិករខាងលើបានចំណាយលើចំណីមេពូជ និងចំណាយផ្សេងអស់ចំនួន 16,880,000រៀល ហេតុនេះបើទូទាត់ចំណូល និងចំណាយគាត់អាចចំណេញបានប្រហែល 33,120,000រៀលដែរក្នុងមួយឆ្នាំ៕