ក្លាយជាបុគ្គលសំខាន់សម្រាប់ក្រុមហ៊ុន ឬស្ថាប័នជាអ្វីដែលមនុស្សជាច្រើនចាប់អារម្មណ៍ តែកន្លងមកមានកត្តាប្រឈមជាច្រើនដែលរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ជាពិសេបញ្ហាផ្នត់គំនិតក្នុងការចូលរួមអភិវឌ្ឍ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្ននេះ មានយុវជនជាច្រើនចង់ជោគជ័យតាមរយៈការធ្វើខ្លួនជាសហគ្រិនវ័យក្មេង។ យើងត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មិនអាចក្លាយជាសហគ្រិនបានទេ។ ម្យ៉ាវិញទៀតបើទោះពីជាយើងធ្វើការឱ្យគេក៏អាចជោគជ័យបានដែរឱ្យតែយើងមានស្មារតីជាសហគ្រិនពិតប្រាកដ។
ចំនុចសំខាន់ៗចំនួន2 ដែលអាចធ្វើឱ្យយើងក្លាយជាបុគ្គលសំខាន់ក្នុងស្ថាប័នគឺ៖
1.ធ្វើជាបុគ្គលិកដែលមានគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវខ្ពស់
ស្ថាប័នឬក្រុមហ៊ុនមួយមានការរីកចំរើនលុៈត្រាតែមានគំនិតថ្មីៗ និងអនុវត្តគំនិតទាំងនោះប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល (effective and efficient)។ ការចូលរួមផ្តល់នូវគំនិតផ្តួចផ្តើមដែលនាំឱ្យស្ថាប័នរីកចំរើននឹងទទួលបានការឱ្យតម្លៃពីសំណាក់និយោជក ហើយរឹតតែទទួលបានការឱ្យតម្លៃទៀតនោះគឺការទទួលខុសត្រូវក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់។
2. ចាត់ទុកខ្លួនអ្នកជាផលិតផលដែលត្រូវអភិវឌ្ឍជាប់ជានិច្ច
បើទោះជាអ្នកចេញពីមហាវិទ្យាល័យមានសញ្ញាបត្រ័បរិញ្ញា2-3 និងអនុបណ្ឌិតក៏មិនគ្រប់គ្រាន់ដែរ។ អ្នកត្រូវរៀននូវជំនាញខ្លីៗ និងសិក្សាស្រាវជ្រាវជាប់ជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាពឱ្យត្រូវនឹងសម័យកាល និងសេចក្តីត្រូវការរបស់និយោជក។ ពោលគឺត្រូវធ្វើខ្លួនជាទ្រព្យដ៏មានតម្លៃឬជាគ្រាប់ពេជ្រពិតប្រាកដសំរាប់និយោជក៕