ស្លាកសញ្ញា និងនិមិត្តសញ្ញារបស់ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី32 ឆ្នាំ2023 ត្រូវបានឯកភាពទាំងស្រុងហើយ កាលពីថ្ងៃទី2 ខែកក្កដា ឆ្នាំ2020 នៅក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី1 ឆ្នាំ2020 និងទិសដៅបន្តរបស់គណៈកម្មការធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 ឆ្នាំ2023។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា Sea Game 2023 (CAMSOC)។
ក្នុងនោះដែរ រូបនិមិត្តសញ្ញានៃកីឡាស៊ីហ្គេមឆ្នាំ2023 ត្រូវបានគេកែប្រែដោយប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយមានអមជាមួយនឹងរូបកងប្រចាំអាស៊ាន និងនាគ 4ក្បាលជាប់កន្ទុយគ្នា។ ហើយសត្វតំណាងឱ្យកីឡាស៊ីហ្គេម2023 គឺត្រូវបានអនុម័តប្រើរូបសត្វទន្សាយ។
គួរបញ្ជាក់ដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី32 ឆ្នាំ2023 ជាលើកទី1 ដោយជ្រើសរើសយកទីក្រុងភ្នំពេញជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ៕