Reon Pocket ដែលជាផលិតផលមួយត្រូវបានបង្កើតឡើងពីការអំពាវនាវរកទុនកន្លងមក ត្រូវបានដាក់លក់នៅប្រទេសជប៉ុនហើយ ចាប់ពីថ្ងៃទី1កក្កដា2020 ក្នុងតម្លៃ 13,000យ៉េន (120ដុល្លារអាមេរិក)។
ដោយត្រូវបានឧទ្ទេសនាមជាលើកដំបូងកាលពីខែកក្កដា2019 ក្រោមរូបភាពអំពាវនាវរកទុន និងស្ថិតក្នុងគម្រោង First Flight របស់ក្រុមហ៊ុន Sony ក្រុមវិស្វករត្រូវចំណាយពេលដល់ទៅជិតមួយឆ្នាំ ទើប Reon Pocket ត្រូវបានដាក់លក់ជាផ្លូវការ។
ឧបករណ៍នេះមានរូបរាងមួយជ្រុងទ្រវែង តូច អាចកាន់ដូចទៅនឹងទូរស័ព្ទស្មាតហ្វូន និងមានទម្ងន់មិនដល់100ក្រាម ប៉ុន្តែអាចធ្វើឱ្យសីតុណ្ហភាពត្រជាក់ចុះមកនៅត្រឹម13អង្សា និងអាចបង្កើនកម្ដៅបាន8អង្សានៅពេលមេឃត្រជាក់។ ពេលប្រើប្រាស់ ឧបករណ៍នេះត្រូវបានដាក់នៅក្នុងអាវមួយដែលត្រូវបានរចនាឡើងដោយឡែក មានទីតាំងនៅត្រង់ផ្នែកខាងក្រោមគល់ក ខាងក្រោយខ្នង។ ផ្ទាំងស៊ីលីកុនដែលប៉ះទៅនឹងរាងកាយនឹងធ្វើឱ្យសីតុណ្ហភាពត្រង់កន្លែងដាក់ម៉ាស៊ីន ត្រូវចុះត្រជាក់ ឬឡើងកម្ដៅបាន ដោយមិនមានបញ្ចេញសម្លេងអ្វីឡើយ។
យោងតាមបទពិសោធន៍របស់ Gizmodo កូនម៉ាស៊ីនត្រជាក់ Reon Pocket នេះ ដំណើរការប្រកបដោយស្ថិរភាព និងប្ដូរផ្លាស់សីតុណ្ហភាពដែលអាចឱ្យអ្នកប្រើប្រាស់ដឹងបានយ៉ាងច្បាស់។ ក៏ប៉ុន្តែ Reon Pocket មិនអាចបញ្ចុះកម្ដៅរាងកាយនោះទេ តែតាមពិតវានាំមកនូវភាពត្រជាក់ស្រួល ឬកក់ក្ដៅជាងធម្មតា ពោលគឺវាដូចទៅនឹងការស្អំកន្លែងត្រជាក់ ឬកន្លែងក្ដៅទៅលើរាងកាយដូច្នោះដែរ។
កូនម៉ាស៊ីនត្រជាក់នេះ ត្រូវការភ្ជាប់ជាមួយកម្មវិធីនៅលើស្មាតហ្វូន iOS ឬ Android ដើម្បីបង្កើតមុខងារនានា និងការបង្ថែម ឬបន្ថយកម្ដៅ។ មុខងារបញ្ចុះសីតុណ្ហភាពមាន4កម្រិត និងដំណើរយ៉ាងយូរត្រឹម30នាទី។ ចំណែកមុខងារបង្កើនភាពកក់ក្ដៅ មាន3កម្រិត។
Reon Pocket ប្រើប្រាស់រន្ធបញ្ចូលថាមពល USB-C ហើយថ្មរបស់វាអាចប្រើបានប្រហែលពី1 ទៅ3ម៉ោង បន្ទាប់ពីបានបញ្ចូលថាមពលពេញ។
ក្រៅពីខ្ទង់ចំណាយ120ដុល្លារ (ប្រហែល 490,000 រៀល) សម្រាប់កូនម៉ាស៊ីនត្រជាក់ Reon Pocket នេះ អ្នកប្រើប្រាស់ក៏ត្រូវការទិញអាវសម្រាប់ដាក់ឧបករណ៍នេះផងដែរ ដែលវាមានតម្លៃ16ដុល្លារ ដែលប្រហែលនឹង 65,000រៀល៕
ប្រភព៖ Gizmodo