បច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ដើម្បីគាំទ្រដល់ភាពងាយស្រួលក្នុងការរស់នៅជាមួយនឹងបច្ចេកវិទ្យាទំនើបៗទាំងនោះ តែទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ វាក៏បានធ្វើឱ្យកើតមានបទល្មើសបច្ចេកវិទ្យាកាន់តែច្រើនផងដែរ។
ទាក់ទងនឹងរឿងនេះ ថ្មីៗនេះនៅសហភាពអឺរ៉ុប ក្រុមឧក្រិដ្ឋជនបានប្រើកម្មវិធីផ្ញើសារអ៊ីនគ្រីប Encrochat ដើម្បីធ្វើការពិភាក្សាការជួញដូរគ្រឿងញៀន អំពើឃាតកម្ម និងផែនការចាប់ជំរិតទារប្រាក់ជាដើម។
ដោយសារតែក្រុមឧក្រិដ្ឋជនទាំងនេះគិតថា សាររបស់ពួកគេត្រូវបានអ៊ីនគ្រីប (encrypted) នៅលើឧបករណ៍ហើយនោះ ពួកគេបាននិយាយដោយបើកចំហ និងចរចាកិច្ចព្រមព្រៀងរបស់ពួកគេយ៉ាងលម្អិត ទាក់ទងនឹងបញ្ជីតម្លៃ ឈ្មោះអតិថិជន ឬមុខសញ្ញា ព្រមទាំងឯកសារបញ្ជាក់ចំពោះថ្នាំមួយចំនួនធំ ដែលពួកគេបានលក់ ប៉ុន្តែអ្វីដែលពួកគេពុំបានដឹងនោះ គឺការពិត ក្រុមសមត្ថកិច្ច បានបញ្ចូលកម្លាំងដើម្បីតាមដាននិងប្រមូលព័ត៌មានពួកគេរួចស្រេចទៅហើយ។
ក្រោយពីបានឃ្លាំមើលអស់ជាច្រើនខែ និងបានប្រមូលសារ បានប្រមាណជាជាង 100លានសារ ដែលបានផ្ញើតាមរយៈ Encrochat ក្រុមសមត្ថកិច្ចនៃប្រទេសអង់គ្លេស បានតាមចាប់ខ្លួនក្រុមអ្នកចែកចាយគ្រឿងញៀនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំនេះ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរបារាំងក៏បានធ្វើការជ្រៀតចូលក្នុងបណ្តាញ Encrochat ដោយបានប្រើសិទ្ធិក្នុងការដំឡើងឧបករណ៍បច្ចេកទេសនៅក្នុងនោះ ជាប្រតិបត្តិការលួចស្តាប់ ហើយតាមដានយ៉ាងស្ងៀមស្ងាត់នូវទំនាក់ទំនងរបស់អ្នកប្រើប្រាស់អស់រយៈពេលជាច្រើនខែមកហើយដែរ។
បន្ទាប់មកទើបក្រុមអ្នកស៊ើបអង្កេតបានចែករំលែកសារទាំងនោះទៅកាន់ភ្នាក់ងារនានានៅអឺរ៉ុបជាបន្តទៀត ដែលនាំឱ្យមានការចាប់ខ្លួនជនល្មើសជាបន្តបន្ទាប់។
**ដូច្នេះ ក្រុមឧក្រិដ្ឋជន កុំគិតថា បានប្រើកម្មវិធីផ្ញើសារអ៊ីនគ្រីប Encrochat ហើយ អាចរួចផុតពីក្រញាំដៃក្រុមសមត្ថកិច្ចឱ្យសោះ!**
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រើបណ្ដាញសង្គមដោយមានការទទួលខុសត្រូវ កុំបង្ហោះឬចែកចាយព័ត៌មានក្លែងបន្លំ និងមិនត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តបទល្មើសឡើយ។
កាលពីពេលថ្មីៗនេះ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយរូបភាព និងវីដេអូអាសអាភាស នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនង Telegram ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕