ក្រុមហ៊ុន Microsoft បានបញ្ចេញការធ្វើបច្ចុប្បន្នភាពមុនកាលកំណត់ ដើម្បីការពារលើផ្នែកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ Windows 10។ កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានចេញការធ្វើបច្ចុប្បន្នភាពកម្មវិធីដោយស្ងាត់ៗ ដើម្បីការពារភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 និង Server editions រាប់រយលាននាក់ទូទាំងពិភពលោក។
ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានបញ្ចេញ 2សប្តាហ៍មុនកាលកំណត់ដែលក្រុមហ៊ុនគ្រោងនឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃអង្គារ ទី14 ខែកក្កដា ខាងមុខនេះ។
ភាពងាយរងគ្រោះខាងផ្នែកសន្តិសុខនេះ គឺវាទាក់ទងទៅនឹង Windows Codecs Library របស់ Windows និងឯកសារវីដេអូដែលជនខិលខូចអាចបោកបញ្ឆោតអ្នកប្រើប្រាស់ ឱ្យទាញយកពីអ៊ីនធើណិតដោយបង្កប់មកជាមួយនូវមេរោគ ដែលអាចធ្វើឱ្យពួកគេគ្រប់គ្រងកុំព្យូទ័របានទាំងស្រុង។ សម្រាប់លោកអ្នកដែលពុំទាន់បានដឹងថា អ្វីទៅដែលហៅថា Codecs នោះ យើងចង់ជម្រាបជូនដូចតទៅ Codecs គឺជាបណ្តុំប្រព័ន្ធស្តង់ដាសម្រាប់ជួយឱ្យប្រព័ន្ធដំណើរការ Windows អាចបើកឯកសារជាសំឡេង និងវីដេអូបាន។
ដោយសារតែក្រុមហ៊ុន Microsoft ពុំមានវិធីអ្វីផ្សេងក្រៅពីដាក់ចេញការធ្វើបច្ចុប្បន្នភាពជាបន្ទាន់នោះ ដូច្នេះហើយទើបអាចបញ្ជាក់បានថា រឿងនេះក៏ជាបញ្ហាធំគួរសមមួយដែរ។
នាយកដ្ឋាន សូមឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពនេះតាមរយៈ Microsoft Store ឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារ បើទោះបីជាគេពុំទាន់រកឃើញការវាយប្រហារនាពេលបច្ចុប្បន្ននេះនៅឡើយក្ដី៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា