ភ្នំពេញ: តារាសម្តែងរាងសង្ហា អតីតប្រុសស្អាតលេខ ១ កាលពីឆ្នាំ ២០០៦ ថៃ នរៈពិទូ ដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់បម្រើការនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្តាយជាអ្នកនិពន្ធនិងជានាយិកាក្រុមហ៊ុនកែសម្ផស្ស ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិតកន្លះឆ្នាំហើយ ប៉ុន្តែអ្វីធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីនោះ ខណៈម្តាយតារាសម្តែងរូបសង្ហាជាប់ប្តូរឈ្មោះជាប្រុសស្អាត មកជាពិរុទ្ទជន បង្ហោះទួញរៀបរាប់រញ្ជួយអស់មហាជន ពីទឹកចិត្តម្តាយ។
រំឭកថា អតីតប្រុសស្អាតឆ្នាំ ២០០៦ ដែលមានកំណើតក្នុងត្រកូលគ្រួសារមន្រ្តីរាជការ ត្រូវបានសមត្ថកិច្ចខេត្ត បាត់ដំបងចាប់ឃាត់ខ្លួន រួមនឹងភរិយាផង កាលពីថ្ងៃទី ៩ ខែមករាឆ្នាំ ២០១៧ ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឺសោនហ្វាមីលី។ អ្វីដែលធ្វើឲ្យមិត្តភក្តិនៅក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះទស្សនិកជនជាច្រើន បានបង្ហាញអារម្មណ៍ស្ទើរតែមិនគួរឲ្យជឿក្រោយបានដឹងរឿងនេះ។
ដាស់ភាពភ្ញាក់ផ្អើលជាថ្មី ក្រោយកំហុសអាសោចកេរ្តិ៍ដល់អ្នកមានគុណ អ្នកស្រី ម៉ានីយ៉ា ជាម្តាយប្រុសស្អាតឆ្នាំ ២០០៦ ថៃ នរៈពិទូ បានបញ្ចេញសារទួញរៀបរាប់ពីភាពកម្សត់នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តម្តាយរូបនេះ ទាំងបង្ហាញទាំងថ្ងៃខួបកំណើត ថៃ នរៈពិទូ ជាមួយនឹងនំខួបកំណើត ខណៈជិះលើរថយន្ត។ អ្នកស្រី ម៉ានីយ៉ា បានរៀបរាប់ថា៖ «យប់មិញម៉ាក់មិនបានគេងទេ ហើយបើកឡានរាប់រយគីឡូមករកកូន ព្រោះថ្ងៃនេះ ជាថ្ងៃដែលម៉ាក់បានបង្កើតកូនប្រុសឲ្យមកស្គាល់ពិភពលោកនេះ….ពិទូរពួកយើងស្រឡាញ់កូនណាស់… កូនប្រុស! ទោះបីជាឆ្នាំនេះ ពួកយើងកំសត់ជាងរាល់ឆ្នាំ តែម៉ាក់សប្បាយចិត្ត ព្រោះថា ចាប់ពីពេលវេលានេះទៅ កូននិងយល់ដឹង នឹងស្គាល់ពីន័យពិតរបស់ជីវិត»។ ពីសារនោះម្តាយតារាសម្តែងនិងជាអតីតប្រុសស្អាតឆ្នាំ ២០០៦ កំពុងជាប់ឃុំខ្លួននៅពន្ធធនាគារខេត្ត បាត់ដំបងនោះ អ្នកស្រីរៀបរាប់បានលើកទឹកចិត្តថា៖ «កូនតស៊ូឡើង ដើម្បីអនាគត កើតជាមនុស្សគ្មាននរណាមិនចេះខុសទេ សំខាន់ ខុសហើយកូនត្រូវកែខ្លួនបែរមករកផ្លូវត្រូវវិញ…អត់ធ្មត់ណាកូន ក្រុមគ្រួសារយើង ព្រមទាំងមនុស្សជាច្រើននៅស្រឡាញ់កូន នឹងរង់ចាំផ្លូវកូនត្រឡប់មកវិញ ពេញដោយ លក្ខណសម្បត្តិជាកូនប្រុស ដ៏ថ្លៃថ្នូរ ជាសរសរទ្រូងគ្រួសារ ជាកូនល្អ ជាបងល្អ ជាប្ដីល្អ នឹងជា ឪពុកល្អ ណា៎កូនណា៎!!! Happy birthday son. I love you»៕