ក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍នេះ បានសម្រេចផ្ទេរភារកិច្ចក្នុងការធ្វើសៀវភៅស្នាក់នៅមកត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ជាអ្នកគ្រប់គ្រង ហើយការធ្វើសៀវភៅគ្រួសារគឺគ្រប់គ្រងដោយអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌវិញ។
កន្លងមកការងារគ្រប់គ្រងពិនិត្យសម្រេចផ្តល់សៀវភៅស្នាក់នៅ គឺត្រូវធ្វើឡើងដោយអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងការចុះបញ្ជីរសៀវភៅគ្រួសារត្រូវធ្វើដោយស្នងការដ្ឋានរាជធានី-ខេត្ត។ ហេតុនេះការបង្ខិតសេវាមកជិតប្រជាជននេះនឹងធ្វើឱ្យការធ្វើឯកសារផ្លូវការទាំងអស់នេះ កាន់តែមានភាពងាយស្រួល ដោយចំណាយពេលវេលា និងធនធានតិចជាងមុន។
ក្រសួងមហាផ្ទៃបញ្ជាក់ផងដែរថា ការងារនេះនឹងផ្តល់ភាពងាយស្រួលផងដែរចំពោះប្រជាជនដែលបាត់ ឬខូចឯកសារអត្តសញ្ញាណដូចជា សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ក៏ដូចជាផ្លាស់ប្តូរទីលំនៅជាដើម ព្រោះប្រជាជនអាចទៅធ្វើការស្នើរសុំទទួលសេវាទាំងអស់នៅបាននៅទីតាំងជិតជាងមុន៕