Jeff Bezos រកបានប្រាក់ចំនួន 56.7ពាន់លានដុល្លាររាប់ចាប់ពីដើមឆ្នាំ2020នេះ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងពិភពលោក កំពុងធ្លាក់ “ជ្រោះជ្រៅ” ជាទីបំផុត គិតចាប់ពីមហាវិបត្តិសេដ្ឋកិច្ច។
បញ្ចប់ការជួញដូរនៅក្នុងថ្ងៃទី1កក្កដា តម្លៃមូលបត្រ Amazon បានកើន4.4% ដែលនាំឱ្យវាមានតម្លៃ 2,878ដុល្លារ/ហ៊ុន។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos កើនឡើងដល់ 171.6ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។
កន្លងមក ពោលគឺនៅថ្ងៃទី4កញ្ញា2018 ទ្រព្យសម្បត្តិរបស់ម្ចាស់ Amazon លោក Jeff Bezos មានចំនួន 167.7ពាន់លានដុល្លារ។ ក្រោយមក លោកបានបែកបាក់គ្រួសារ និងបានចែកភាគហ៊ុន25% នៃចំនួនមូលបត្រសរុបដែលពួកគេកាន់កាប់រួម ទៅឱ្យភរិយាដែលលោកបានលែងលះ។ ភាគហ៊ុន 25% នេះ មានតម្លៃប្រមាណជា 35.6ពាន់លានដុល្លារអាមេរិក។
ចាប់ផ្ដើមដើមឆ្នាំ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកជួបការលំបាកខ្លាំងបំផុតរាប់ពីមហាវិបត្តិសេដ្ឋកិច្ច ទ្រព្យរបស់លោក Bezos ក៏នៅតែកើន56.7ពាន់លានដុល្លារ។ ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនរបស់លោក ថែមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្តចំនួន500លានដុល្លារទៅឱ្យបុគ្គលិកធ្វើការនៅក្នុងវិបត្តិសុខភាពដែលបង្កឡើងដោយ COVID-19 ទៀតផង។ ការរកស៊ីរបស់ Amazon មានដំណើរការល្អនៅពេលដែល COVID-19 បានធ្វើឱ្យអតិថិជនងាកមកទិញទំនិញតាមផ្សារអនឡាញ។
នៅក្នុងឆ្នាំនេះ អ្នកដែលមានទ្រព្យកើនឡើងខ្ពស់បំផុត សុទ្ធសឹងតែជាអ្នកជំនួញក្នុងវិស័យបច្ចេកវិទ្យា។ ក្រៅពី Bezos លោក Elon Musk ក៏រកប្រាក់បាន25.8ពាន់លានដុល្លារបន្ថែមទៀតដែរ ខណៈដែល Eric Yuan ដែលជាស្ថាបនិករបស់កម្មវិធី Zoom រកបាន 13.1ពាន់លានដុល្លារបន្ថែមទៀត។
ផ្ទុយទៅវិញ លោក Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara បានបាត់បង់ទ្រព្យប្រមាណជា 19.2ពាន់លានដុល្លារ។ នេះគឺជាមហាសេដ្ឋីដែលបានបាត់បង់ទ្រព្យច្រើនជាងគេបង្អស់នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg។ រីឯទ្រព្យសរុបរបស់លោក Warren Buffett ដែលជាអតីតកំពូលអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏បានបាត់បង់ 19ពាន់លានដុល្លារ ចំណែកមហាសេដ្ឋីផលិតផលប្រណិត លោក Bernard Arnault ក៏បានបាត់បង់ 17.6ពាន់លានដុល្លារផងដែរ។
បច្ចុប្បន្ន ទ្រព្យសរុបរបស់កំពូលអ្នកមានចំនួន500នាក់នៅទូទាំងពិភពលោក មានប្រមាណជា 5.93លានលានដុល្លារអាមេរិក កើនឡើងបន្តិចបើធៀបជាមួយនឹងចំនួន 5.91លានលានដុល្លារកាលពីដើមឆ្នាំ2020៕
ប្រភព៖ Bloomberg