Skip to content

ជប៉ុនត្រៀមផ្តល់កាដូជាង 200លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យ2នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមកែលម្អហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងចំនួន2 នៅកម្ពុជា គឺគម្រោងធ្វើឱ្យល្អប្រសើរឡើងវិញនូវការការពារទឹកជំនន់ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តព្រះសីហនុ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសឱ្យដឹងថា ការផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ចំនួន 244លានដុល្លារនេះនឹងធ្វើឡើងក្នុងអំឡុងពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី 9 ខែសីហា ឆ្នាំ2017នេះ។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះនឹងមានជំនួបកំពូលជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ហើយនឹងប្រកាសរួមគ្នាក្រោយនាយករដ្ឋមន្ត្រីទាំងពីររូបធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន2ស្តីពីជំនួយឥតសំណងនេះ។

បើតាមសេចក្តីជូនដំណឹងដដែលថា ឯកសារទាំង2 ដែលនឹងត្រូវចុះហត្ថលេខានោះគឺ ទី1 ការចុះហត្ថលេខាលើការផ្តល់ជំនួយប្រមាណ35លានដុល្លារដើម្បីអនុវត្ត «គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលទី4» និងទី2 គឺការចុះហត្ថលេខាលើការផ្តល់ជំនួយ 209 លានដុល្លារសម្រាប់ «គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

ជំនួយនេះត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីធ្វើការអភិវឌ្ឍឱ្យប្រសើរឡើងលើវិស័យហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការដឹកជញ្ជូនទំនិញចេញចូលក្នុង និងក្រៅប្រទេស ខណៈដែលវិនិយោគិនបរទេស ពិសេសវិនិយោគិនជប៉ុនកំពុងសម្លឹងឃើញសក្តានុពលនៃការវិនិយោគនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *