
ថ្មីៗនេះក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសពន្យារពេលអនុវត្តការផ្ទេសកម្មសិទ្ធយានយន្តដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2020 ដើម្បីឱ្យប្រជាជនទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីអនុវត្តតាមនីតិវិធី។
ក្រសួងបញ្ជាក់ថា ប្រជាជនដែលមានបំណងចង់ផ្ទេរកម្មសិទ្ធយានយន្តដែលរកម្ចាស់ដើមមិនឃើញ មេត្តារួសរាន់បំពេញបែបបទស្នើសុំផ្ទេរកម្មសិទ្ធយានយន្តឱ្យបានទាន់ពេលវេលា ព្រោះបើលើសថ្ងៃកំណត់ ចាំបាច់ត្រូវតែមានស្នាមមេដៃលើសំណុំឯកសារផ្ទេរសិទ្ធពីម្ចាស់ដើមទើបអាចធ្វើបាន។
ចំពោះនីតិវិធីវិញ ក្រសួងបញ្ជាក់ថា អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នារកម្ចស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធយានយន្តដោយភ្ជាប់នូវសំណុំឯកសារដូចជា៖

- ពាក្យផ្ទេរកម្មសិទ្ធយានជំនិះ មានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់ (តួ ឬសាក់ស៊ី) ដែលចម្លងជាក់ស្តែងពីយានយន្ត
- បណ្ណសម្គាល់ (កាតគ្រី) ច្បាប់ដើម និងផ្លាកលេខសម្គាល់យានជំនិះ (ក្នុងករណីផ្ទេរកម្មសិទ្ធឆ្លងរាជធានី-ខេត្ត)
- វិញ្ញាបនបត្រត្រួវពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
- អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ
- ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច
- ជនបរទេស៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច
- បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធយានយន្ត
- លិខិតលក់ទិញ
- កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕



