Skip to content

ប៉ាអ៊ើយ ម៉ាក់អ៊ើយ…កូនមានរឿងចង់ប្រាប់

“ចូរទទួលស្តាប់ដោយបេះដូង ក្នុងរឿងដែលកូនចង់ប្រាប់អ្នក មិនថាជារឿងអ្វីក៏ដោយ បើអ្នកមិនស្តាប់កូនពេលគេនៅតូច ព្រោះគិតថា រឿងដែលកូននិយាយឱ្យស្តាប់នោះជារឿងតូចតាច ឬគ្មានភាពសំខាន់នោះ ពេលគេធំឡើង គេនឹងលែងនិយាយរឿងធំៗឱ្យអ្នកស្តាប់ហើយ ព្រោះសម្រាប់កូន គ្រប់រឿងគឺជារឿងសំខាន់ជានិច្ច”។

មនុស្សដែលក្មេងៗចង់និយាយរឿងផ្សេងៗ ទាំងរឿងសុខ និងទុក្ខឱ្យស្តាប់នោះគឺ អ្នកមើលថែទាំរូបគេ មិនថាតែជាឪពុកម្តាយ ឬបងប្អូនជិតស្និទ្ធ និងអ្នកនៅជិតនឹងគេខ្លាំងបំផុត តែជាច្រើនដងណាស់ដែលមនុស្សចាស់មិនបានទទួលស្តាប់ក្មេងៗឡើយ។

ធ្លាប់មានទេដែលមនុស្សចាស់ដូចជារូបយើង មានអារម្មណ៍ថា រឿងដែលក្មេងៗនិយាយឱ្យស្តាប់នោះ វាចំជាគ្មានសារៈខ្លឹមសារ ឬមិនឃើញមានអ្វីសោះ ឬពេលខ្លះក្មេងនិយាយមិនទាន់ចប់ផង ក៏និយាយកាត់ ប្រាប់ក្មេងថា ម៉េចមិនធ្វើអ៊ីចេះ ម៉េចមិនធ្វើអ៊ីចុះពេលខ្លះដល់យើងនិយាយច្រើនពេក ក៏ក្លាយទៅជាក្មេងអង្គុយស្តាប់យើងនិយាយទៅវិញ។

សាកល្បងគិតពីយើងខ្លួនឯងវិញទៅមើលថា បើយើងនិយាយរឿងអ្វីមួយឱ្យគេស្តាប់ ហើយគេរវល់តែធ្វើអ្វីផ្សេង ដូចជា ចុចទូរស័ព្ទ វាយកុំព្តូទ័រ ជាដើមនោះ ធ្វើឱ្យយើងមានអារម្មណ៍ថា ដូចកំពុងនិយាយជាមួយអាកាសធាតុ ឬបើកំពុងនិយាយហើយ អ្នកស្តាប់នោះមកវិភាគថា អ្វីដែលយើងធ្វើនោះវាមិនល្អ មិនត្រឹមត្រូវ ធ្វើឱ្យយើងមានអារម្មណ៍ថា គេមិនយល់អំពីយើង គ្រាន់តែចង់ទម្លាយឱ្យស្តាប់ប៉ុណ្ណោះ កុំអាលមកប្រដៅបានទេ! បើយើងគិត និងមានអារម្មណ៍បែបហ្នឹង ក្មេងៗក៏ប្រហែលជាមានអារម្មណ៍ដូចគ្នាហ្នឹងដែរ។

បើក្មេងមានអារម្មណ៍ថា ពេលចង់និយាយប្រាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ ឬគ្មានអ្នកយល់ចិត្តនោះ ថ្ងៃមួយក្មេងអាចនឹងឈប់និយាយ ឈប់ប្រាប់ ព្រោះមានអារម្មណ៍ថា និយាយទៅ ឬប្រាប់ទៅក៏គ្មានប្រយោជន៍ ខាតទឹកមាត់ ហត់ឥតប្រយោជន៍ ថែមទាំងនាំឱ្យតូចចិត្តទៀត។

ផ្តល់ពេលវេលាក្នុងការជជែកនិយាយជាមួយក្មេងៗ ស្តាប់ដោយក្តីតាំងចិត្ត និងយកចិត្តទុកដាក់ ធ្វើតាំងពីគេនៅតូចៗ ពេលគេធំក្លាយជាក្មេងជំទង់ស្ទាវ ទោះជាគេមានមិត្តភ័ក្តិដែលជជែកគ្នាសប្បាយរីករាយហើយក៏ដោយ តែពេលមានបញ្ហា ឬត្រូវការការប្រឹក្សា ឬការណែនាំណាមួយនោះ គេនឹងបែរមករកប៉ាម៉ាក់ ឬមនុស្សចាស់ដែលជិតស្និទ្ធដែលគេមានអារម្មណ៍ថា ព្រមក្នុងការទទួលស្តាប់គេជានិច្ចមិនខាន។

មានពាក្យដែលគេនិយាយថា “ការមានពេលវេលាក្នុងការស្តាប់យ៉ាងតាំងចិត្តចំពោះអ្វីដែលក្មេងៗត្រូវការចង់ប្រាប់នោះ ជារឿងដែលឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ មិនថាជារឿងអ្វីក៏ដោយ ទោះវាជារឿងតូចតាចនៅក្នុងខ្សែភ្នែកឪពុកម្តាយមែន តែសម្រាប់ក្មេងៗវិញ បើគេចង់និយាយឱ្យប៉ាម៉ាក់ស្តាប់ហើយនោះ វាគឺជារឿងដែលអស្ចារ្យធំធេងសម្រាប់គេជានិច្ច”

ការទទួលស្តាប់យ៉ាងតាំងចិត្ត នឹងធ្វើឱ្យក្មេងមានអារម្មណ៍ថា មនុស្សធំដូចពួកយើងត្រៀមរួចជាស្រេចនឹងនៅក្បែរគេជានិច្ច តែបើសិនយើងមិនយកចិត្តទុកដាក់ស្តាប់នូវរឿងដែលគិតថាតូចតាចក្នុងថ្ងៃនេះទេនោះ នៅថ្ងៃមុខ ពេលក្មេងមានរឿងដែលយើងគិតថាជារឿងធំនោះ ក្មេងនឹងលែងមានអារម្មណ៍ចង់ប្រាប់ ព្រោះគិតថាមនុស្សចាស់មិនយល់ចិត្ត និងមិនចង់ស្តាប់រឿងរ៉ាវនោះឡើយ។ ក្មេងៗទាំងនេះជួនកាលនឹងក្លាយជាក្មេងដែលលែងមាត់លែងក មានអ្វីលាក់ទុកតែក្នុងចិត្ត ហើយទៅសេពគប់មិត្តក្រៅផ្ទះដែលគេគិតថា យល់ចិត្តគេខ្លាំងជាងជំនួសវិញ។

សាកល្បងបើកចិត្តទទួលស្តាប់កូនៗរបស់យើងក្នុងគ្រប់រឿងរ៉ាវ ពេលដែលយើងទទួលស្តាប់ពីអារម្មណ៍របស់ក្មេងនោះ វានឹងមានតម្លៃសម្រាប់ក្មេង និងខ្លួនយើងខ្លាំងណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *