បច្ចុប្បន្ននេះ ការដាំដើមឈើនៅក្នុងទីក្រុង បានក្លាយជាប្រធានបទដ៏គួរឱ្យយកចិត្តទុកដាក់ ព្រោះវាជាផ្នែកយ៉ាងសំខាន់ក្នុងការបង្កើនភាពបៃតង កាត់បន្ថយជាតិពុល និងការជំរុញឱ្យមានធម្មជាតិកាន់តែច្រើនសម្រាប់ការរស់នៅជាដើម។
ឈានមួយជំហានពីគំនិតខាងលើ ប្រទេសនានាលើពិភពលោកបានចាប់ផ្តើមរកឃើញគំនិតដាំផ្លែឈើហូបផ្លែដូចជាផ្លែប៉ោម Blackberry និងផ្លែឈើមានប្រយោជន៍ជាច្រើនផ្សេងទៀតនៅទីសាធារណៈ។ ការធ្វើបែបនេះត្រូវបានគេមើលឃើញថាអាចជួយទីក្រុងឱ្យមានភាពស្រស់បំព្រង និងកាន់តែមានគុណតម្លៃក្នុងការរក្សាធម្មជាតិនៅជិតមនុស្សគ្រប់គ្នា។
នៅទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាកនាពេលបច្ចុប្បន្ននេះ គេបានដាំដើមឈើហូបផ្លែជាច្រើននៅតាមដងផ្លូវសាធារណៈដែលអាចអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាក្នុងទីក្រុងអាចបេះទទួលទានបានដោយឥតគិតថ្លៃ។ ស្ថាប័ន thelocal.dk បានបញ្ជាក់ថា នៅប្រទេសដាណឺម៉ាក យើងអាចបេះផ្លែឈើស្រស់ៗសម្រាប់ធ្វើជាអាហារនៅគ្រប់ទីកន្លែងសាធារណៈក្នុងប្រទេស។ មិនថាទៅដល់ទីណានោះទេ យើងអាចញ៉ាំផ្លែឈើធម្មជាតិដោយមិនបាច់ចំណាយប្រាក់ ព្រោះឱ្យតែដល់រដូចកាលម្តងៗ នៅតាមដងផ្លូវនៃប្រទេសនេះគឺពោរពេញទៅដោយដើមប៉ោមដែលមានផ្លែព្រោងព្រាត ក្រហម បៃតងយ៉ាងស្រស់ស្អាត និងគួរឱ្យចង់ញ៉ាំ។
គំនិតមួយនេះត្រូវបានបណ្តាប្រទេសនានាលើពិភពលោកកំពុងយកទៅអនុវត្តនាពេលបច្ចុប្បន្ននេះ ដែលផលរបស់វាបានបង្កើតជាសុភមង្គលផ្លូវចិត្តម្យ៉ាងសម្រាប់ប្រជាជនគ្រប់គ្នា។ ជាក់ស្តែង នៅទីក្រុងអូតាវ៉ានៃប្រទេសកាណាដា ក៏បានអនុវត្តដូចគ្នានេះដែរ។ ដើមឈើហូបផ្លែត្រូវបានគេដាំគ្រប់កន្លែង ដើម្បីគាំទ្រដល់គម្រោងធនាគារអាហារ (food banks) ព្រោះប្រជាជនគ្រប់គ្នាដោយរួមទាំងអ្នកគ្មានផ្ទះសំបែង និងអ្នកដំណើរជាផងអាចទទួលទានផ្លែឈើស្រស់គ្រប់ពេលដោយមិនចំណាយអ្វីទាំងអស់៕