រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយយ៉ាងច្រើនដើម្បីអភិវឌ្ឍលើវិស័យជាច្រើន ដោយក្នុងនោះក៏មានវិស័យអប់រំផងដែរ។
នាពេលថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀហិរញ្ញប្បទានឥតសំណង លើគម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដែលមានទំហំទឹកប្រាក់ប្រមាណ 3.23លានដុល្លារអាមេរិក។
គម្រោងនេះមានគោលដៅដោះស្រាយនូវរាល់បញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដោយគាំទ្រដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតពីគ្រឹះស្ថានសិក្សារបស់ប្រទេសជប៉ុន។ មន្ត្រីដែលគាំទ្រដោយគម្រោង JDS អាចប្រើប្រាស់ការសិក្សា បទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោងនេះ ដើម្បីបង្កើត និងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទសកម្ពុជា៕