រាល់រូបភាពដែលលោកអ្នកបានថតតាមរយៈទូរស័ព្ទ ឬផ្ញើតាមកម្មវិធីផ្ញើសារផ្សេងៗ ក៏ដូចជាកម្មវិធីបណ្ដាញសង្គមផងដែរនោះ វាត្រូវបានរក្សាទុកនៅក្នុង Cloud របស់ Google ប៉ុន្តែមានអ្នកខ្លះមិនបានដឹងពីរឿងនេះទេ។
សារៈប្រយោជន៍នៃការរក្សាទុករូបថតនៅលើ Cloud ដោយស្វ័យប្រវត្តិ គឺវាធ្វើឱ្យមានភាពងាយស្រួលក្នុងការទាញយកមកវិញ ផ្ទុយទៅវិញ វាក៏មានផលពិបាកជាមួយគ្នាផងដែរ ពេលដែលយើងរក្សាទុកច្រើនពេក។ ថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការកែសម្រួលនៅលើកម្មវិធី Google Photos ដោយបិទការ Backup រូបភាពដោយស្វ័យប្រវត្តិ ដែលមាននៅក្នុងប្រអប់ (Folder) របស់កម្មវិធីផ្ញើសារ និងកម្មវិធីបណ្ដាញសង្គមផ្សេងៗមួយចំនួនទៀត ហើយជាមួយគ្នានេះដែរ Google ក៏បានបង្កើតប៊ូតុងបិទសំឡេងមួយសម្រាប់វីដេអូទៀតផង។
មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន Google សម្រេចធ្វើបែបនេះ ក៏ដោយសារតែមានការចែករំលែករូបភាព និងវីដេអូជាច្រើនលើសលុបក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-19។ ការកែសម្រួលនេះ មានផលប៉ះពាល់ដល់កម្មវិធីមួយចំនួនដូចជា: Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង WhatsApp។
ទោះបីជាការ Backup រូបភាពនៅក្នុង Cloud វាធ្វើឱ្យមានភាពងាយស្រួលក្នុងការរក្សាទុក និងទាញយកមកវិញក៏ពិតមែន ក៏ប៉ុន្តែ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំលោកអ្នកថា បើសិនជាគិតថា រូបថត វីដេអូ ឬឯកសារណាមួយ ជារឿងសម្ងាត់ដែលមានសារៈសំខាន់ និងមិនចង់ឱ្យអ្នកដទៃឃើញទេនោះ សូមកុំធ្វើការ Backup ទៅក្នុង Cloud អី។
ប្រសិនបើលោកអ្នកចង់បើក ឬបិទមុខងារនេះ ខាងក្រោមនេះ គឺជារបៀបដើម្បីធ្វើការបើក-បិទ៖
- បើកកម្មវិធី Google Photos
- វាយឈ្មោះ និងលេខសម្ងាត់ដើម្បីចូលក្នុងគណនី
- នៅខាងលើ ផ្នែកខាងស្ដាំ ចុចលើរូប ឬអក្សរ របស់ប្រូហ្វាល
- ចុចលើរូបសញ្ញា Settings ហើយចុចលើពាក្យ “Back up & sync”
- ត្រង់ “Back up & sync” ចុចយក បើក ឬបិទ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា