រៀងរាល់យប់ មុនពេលបិទភ្នែកគេង យុវវ័យបច្ចប្បន្ន និយមចុចទូរស័ព្ទបណ្តើរ សាកភ្លើងបណ្តើរ មានពេលខ្លះគេងលក់ចោលទូរស័ព្ទ ហើយឱ្យវាសាកចោលពេញ 1យប់ទល់ភ្លឺក៏មានដែរ រហូតមានអ្នកខ្លះបានធ្វើសកម្មភាពដដែលៗនេះ ទៅជាទម្លាប់ប្រចាំថ្ងៃទៀតផង។
នាពេលបច្ចុប្បន្ននេះ ការសាកថ្មទុកចោលពេញ 1យប់ មិនធ្វើឱ្យខូចថ្មនោះទេ។ ហេតុនេះហើយទើបសកម្មភាពនេះ ត្រូវបានគេលើកយកមកនិយាយ និងមានការបកស្រាយបែបវិទ្យាសាស្ត្រផងដែរ។
ចំណេះដឹងទូទៅអំពីថ្មទូរស័ព្ទ៖ ជាទូទៅ ប្រភេទថ្មដែលបំពាក់លើស្មាតហ្វូនបច្ចុប្បន្ន ទាំង iPhone ឬ Android Phone ភាគច្រើន ជាប្រភេទថ្ម Lithium-ion (Li-ion)។ Li-ion ជាប្រភេទថ្មជំនាន់ថ្មីដែលមានសមត្ថភាពអាចសាកបានលឿនជាងជំនាន់ចាស់(ជំនាន់ចាស់គេប្រើថ្ម rechargeable)។
ថ្ម Li-ion រួមជាមួយនឹងការបំពាក់បច្ចេកវិទ្យាលើខ្សែសាកដែលបញ្ជូនថាមពលបានលឿនដូចគ្នាផងនោះ ធ្វើឱ្យស្មាតហ្វូនរបស់អ្នក ចំណាយពេលតែកន្លះម៉ោង អាចសាកបានដល់ 50% ឬ 80% ផងក៏មានដែរ។ បើសាកលឿនយ៉ាងនេះហើយ ចាំបាច់អីទៅដោតទុកចោលពេញ 1យប់ទៀត?
ពិតហើយ ទាំងគេ ទាំងយើងកាន់ទូរស័ព្ទម្ដងៗ ចុចបើកមុខងារច្រើនក្នុងពេលតែមួយ ដូចជា លេងឆាត ប្រើប្រាស់កម្មវិធី លេងហ្គេម មើលវីដេអូ ឬស្ដាប់ចម្រៀងជាដើម។ ប្រការនេះហើយដែលធ្វើឱ្យថ្មទូរស័ព្ទ មិនអាចទ្រាំបានដល់ពេញ 1ថ្ងៃ ទាមទារឱ្យអ្នកប្រើត្រូវសាកភ្លើងច្រើនដងក្នុង 1ថ្ងៃ រហូតជ្រុលដល់យប់ និងដល់ភ្លឺទៀតផង។
**តើការសាកទូរស័ព្ទទុកចោលពេញ 1យប់ អាចធ្វើឱ្យឆាប់ខូចថ្ម ឬធ្វើឱ្យខ្ជះខ្ជាយថាមពល ខណៈថ្មសាកពេញរួចហើយដែរឬទេ?
លោក Kyle Wiens អ្នកជំនាញមកពី iFixit បានច្រានចោលការលើកឡើងនេះដោយលោកបញ្ជាក់ថា ការសាកថ្មទុកចោលពេញ 1យប់ មិនធ្វើឱ្យខូចថ្មនោះទេ។ គ្រប់យ៉ាងពាក់ព័ន្ធនឹង Cycle Count សំដៅលើកម្រិតប្រើប្រាស់ថាមពលថ្ម។ Cycle Count ជាចំនួនសាកថាមពលថ្មពេញលេញរបស់ស្មាតហ្វូន គិតពី 0 ដល់ 100% ស្មើ1ជុំ។
ជាធម្មតា ថ្មស្មាតហ្វូនភាគច្រើនមានអាយុកាល 400ជុំ ដែលអាចប្រើប្រាស់បានរយៈពេលប្រហែល 1ឆ្នាំកន្លះ នៅកាន់ថ្មបានល្អ។ ការសាកថ្មទុកចោលពេលយប់ មិនប៉ះពាល់ដល់ចំនួនជុំ ដូចការប្រើទូរស័ព្ទធម្មតានោះឡើយ ដោយសារស្មាតហ្វូនភាគច្រើនមាន Chip អាចការពារចរន្តបន្ថែម ពេលថាមពលថ្មពេញ។
ប៉ុន្តែមានចំណុចមួយ ដែលអាចមានបញ្ហាពេលសាកថ្មទុកចោលនោះ គឺសីតុណ្ហភាព។ ថ្មប្រភេទ Lithium ភាគច្រើន អាចឆាប់ខូចគុណភាព ដោយសារកម្ដៅខ្លាំង៕