គ្រប់អ្នកអានមិនអាចក្លាយជាអ្នកដឹកនាំ ឬបុគ្គលជោគជ័យនោះទេ តែគ្រប់បុគ្គលដែលមានដំណើរជីវិតល្អប្រសើរ ឬអ្នកដឹកនាំសុទ្ធតែជាអ្នកអាន។ គ្មានមនុស្សណាម្នាក់អាចចៀសផុតពីការអានបាននោះទេ ព្រោះមនុស្សកើតមកត្រូវឆ្លងកាត់ការសិក្សារៀនសូត្រ ទោះក្នុងសាលាក្តី ក្រៅសាលាក្តី ការអានជារឿងចាំបាច់មួយដើម្បីទទួលយកចំណេះដឹង និងបទពិសោធជីវិតពីមនុស្សដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនដើម្បីទទួលបានឧត្តមភាព។
បទពិសោធជីវិត និងមេរៀនប្រកបដោយគុណតម្លៃជាច្រើនរបស់មនុស្សតែងតែត្រូវបានគេចងក្រងទុកសម្រាប់ធ្វើជាក្បួនច្បាប់សម្រាប់ការពិចារណា ឬសម្រាប់ទុកជាទុននៃគំនិតសម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុនេះ ការអានអាចធ្វើឱ្យមនុស្សទទួលបាននូវមេរៀនជាច្រើនដែលគ្មានបង្រៀននៅក្នុងសាលា ហើយក៏ទទួលបាននូវផ្នត់គំនិតរាប់មិនអស់ដើម្បីយកទៅអភិវឌ្ឍរាល់សកម្មភាព និងការគិតរបស់ខ្លួនដើម្បីក្លាយជាមនុស្សប្រកបដោយសក្តានុពលម្នាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានលើកឡើងថា មនុស្សដែលស្ថិតក្នុងភាពក្រីក្រភាគច្រើនបន្ទោសសង្គម បន្ទោសព្រេងវាសនា តែមិនព្រមសិក្សាពីបុគ្គលជោគជ័យដែលគេធ្វើ។ បុគ្គលជោគជ័យតែងតែស្វែងរកគំនិតជាមុន ហើយខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គដើម្បីឱ្យគំនិតរបស់គេបានសម្រេច។
លោក គីម ដារ៉ា បាននិយាយថា៖ «មុននឹងបន្ទោសចំណុចក្រៅខ្លួននានា សូមគិតខ្លួនឯងទៅវិញមើលថា ខ្លួនអ្នកបានធ្វើអ្វីខ្លះហើយ? បើសូម្បីតែសៀវភៅមួយក្បាលមិនហ៊ានចំណាយលុយទិញ មិនទាំងចំណាយពេលអាន យើងនឹងមិនអាចប្រមូលផ្តុំគំនិតដើម្បីអភិវឌ្ឍខ្លួនឯងបាននោះទេ»។
លោកដារ៉ា បានបញ្ជាក់ថា ភាពជោគជ័យគឺចាប់ផ្តើមចេញពីខ្លួនឯង សូមឈប់បន្ទោសសង្គម ឈប់បន្ទោសវាសនា ហើយចាប់ផ្តើមពង្រឹងសមត្ថភាពរបស់ខ្លួនឯងតាមរយៈការអានពីឥលូវនេះដើម្បីបង្កើនសមត្ថភាពពីខាងក្នុងដើម្បីទទួលបានជោគជ័យក្នុងជីវិត។
បើតាមលោក ដារ៉ា ការទទួលយកគំនិតពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ព្រោះថាការបន្តរៀនពីបទពិសោធល្អៗពីក្នុងសៀវភៅអាចជាពន្លឺយ៉ាងត្រចះត្រចង់ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាអាចរកផ្លូវល្អសម្រាប់ខ្លួនឯងបាន ហើយភាពជោគជ័យក្នុងជីវិតគឺកើតឡើងពីខ្លួនឯង។ គ្មានមជ្ឈដ្ឋានខាងក្រៅណាអាចជួយយើងបានទេប្រសិនបើយើងមិនព្យាយាមជួយខ្លួនឯងតាមរយៈការចាប់ផ្តើមខិតខំយ៉ាងអស់លទ្ធភាពដើម្បីទទួលយកគំនិត និងវីធីសាស្ត្រល្អៗដាក់ក្នុងគំនិត៕